លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង​នាយករដ្ឋមន្រ្តីប្រទេសទាំងបី, កម្ពុជា -ឡាវ-និង វៀតណាម ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, ​នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ

ប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងពហុភាគី។
​នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឱ្យមានជំនួបតាមប្រព័ន្ធវីដេអូ ដែលជាការរួមចំណែកពង្រឹង និងពង្រីកបន្ថែមទៀតនូវ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៃប្រទេសទាំងបី។
​នៅក្នុងអំឡុងជំនួបនេះ នាយករដ្ឋមន្រ្តីទាំងបីបានជម្រាបជូននូវសភាពការណ៍វិវត្តន៍ថ្មីៗនៅក្នុងប្រទេសរបស់ខ្លួន រួមទាំងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការអបសាទរសមភាគីវៀតណាម និងឡាវ ចំពោះភាពជោគជ័យនៃមហាសន្និបាត នៃបក្សកម្មុយនីស្តវៀតណាម លើកទី១៣ មហាសន្និបាតនៃបក្សបដិវត្តន៍ប្រជាជនឡាវ លើកទី១១ ក៏ដូចជាការបោះឆ្នោតមហាសន្និបាតជាតិឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរវៀតណាមដែលទទួលបានជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅឆ្នាំ២០២០ ទោះបីជាមានការរីករាលដាលជំងឺកូវីដ-១៩​ ​ក៏ដោយ។
​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអបអរសាទរឡាវ និងវៀតណាម ក្នុងការគ្រប់គ្រងការីករាលដាលជំងឺកូវីដ-១៩ ដោយមានប្រសិទ្ធភាព។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបរិច្ចាគម៉ាស និងបរិក្ខារពេទ្យដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ លើសពីនេះ នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម បានសម្តែងនូវជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងដ៏មុះមុត និងវិធានការដ៏តឹងរឹង ដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជានឹងទទួលបានជោគជ័យក្នុងការទប់ស្កាត់ការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត។
​នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពគ្នាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។​ នាយករដ្ឋមន្រ្តីទាំងបី ក៏បាន​ឯកភាពគ្នាក្នុងការផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញទៅមកដោយមិនគិតថ្លៃដល់មន្រ្តីការទូត និងសិស្សនិស្សិតកម្ពុជា ឡាវ និងវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ។
​នាយករដ្ឋមន្រ្តីទាំងបី បានសម្តែងនូវការពេញចិត្តរួមគ្នាចំពោះទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការ ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យរវាងប្រទេសទាំងបី ទោះបីស្ថិតក្នុងកាលៈទេសៈនៃភាពប្រឈមខ្លាំងបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩​ក៏ដោយ។ នាយករដ្ឋមន្រ្តីទាំងបី ក៏បានកត់សម្គាល់ដោយក្តីរីករាយនូវការកើនឡើងនៃទំហំពាណិជ្ជកម្មរវាង កម្ពុជា-ឡាវ និង កម្ពុជា-វៀតណាម។
​ថ្នាក់ដឹកនាំទាំងបី បានឯកភាពពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ
សន្តិសុខ ការពារជាតិ ការគ្រប់គ្រងព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ថាមពល និងអប់រំ។ នាយករដ្ឋមន្រ្តីទាំងបី ក៏បានឯកភាពបន្តរក្សា និងអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ – ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែន – អនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែន – សហការបន្ថែមក្នុងការការពារសន្តិសុខតាមបណ្តោយព្រំដែនរួម – សម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការឆ្លងកាត់របស់ប្រជាជន និងទំនិញនៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។
​នៅក្នុងវិស័យការតភ្ជាប់ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពពិចារណាអំពីការដំណើរការឡើងវិញនូវការហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងបី។
​នៅក្នុងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌអនុតំបន់ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពពន្លឿនការអនុវត្តផែនការការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីស្ថាបនាផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ ផ្លូវរថភ្លើង
វៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។
​ជាងនេះទៅទៀត នាយករដ្ឋមន្រ្តីវៀតណាម​ និងឡាវ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអនុតំបន់មេគង្គលើកទី៧ នៅក្នុងខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងប្រធានអាស៊ានក្នុងឆ្នាំ២០២២។
​ទន្ទឹមនេះ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពចាត់តាំងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់អនុវត្តន៍នូវការព្រមព្រៀងគ្នា ដែលបានសម្រេចនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ ក៏ដូចជាការបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងបណ្តាប្រទេសទាំងបី កម្ពុជា-ឡាវ និងវៀតណាម។
​ជាចុងបញ្ចប់ ថ្នាក់ដឹកនាំទាំងបីក៏បានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ៕

...

ប្រភព ; ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print