អន្តរជាតិ៖ បើតាមឯកសារដែលបានដាក់ទៅក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា របបសឹកមីយ៉ាន់ម៉ា នឹងចំណាយលុយពីរលានដុល្លារដើម្បីជួលអ្នកបញ្ចុះបញ្ចូល (Lobbyist) ឲ្យពន្យល់ស្ថានការណ៍ក្នុងស្រុកក្រោយរដ្ឋប្រហារយោធាទៅកាន់អាមេរិក អ៊ីស្រាអែល និងបណ្តាប្រទេសផ្សេងទៀត។
ចំណែកទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ដើម្បីដោះស្រាយស្ថានការណ៍ក្រោយរដ្ឋប្រហារ រដ្ឋាភិបាលយោធា សម្រេចចិត្តជួលលោក Ari Ben-Menashe ជនជាតិកាណាដាកាត់អ៊ីស្រាអែល និងក្រុមហ៊ុនបញ្ចុះបញ្ចូល Dickens & Madson Canada ដើម្បីធ្វើជាតំណាងឱ្យរដ្ឋាភិបាលយោធានៅអាមេរិក និងដើរពន្យល់ទៅបណ្តាប្រទេសមួយចំនួន ជាពិសេសអាមេរិក និងអង្គការអន្តរជាតិ ពីអ្វីដែលកើតឡើងក្នុងស្រុក។
ជាក់ស្ដែងក្នុងកិច្ចព្រមព្រៀង ដែលបានដាក់ទៅក្រសួងយុត្តិធម៌អាមេរិកក្នុងថ្ងៃទី៨ ខែមីនា ក្រុមហ៊ុន Dickens & Madson Canada នឹងតំណាងឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងក្រុងវ៉ាស៊ីនតោន និងជួយបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម, អ៊ីស្រាអែល និងរុស្ស៊ីជាដើម។ ជាមួយគ្នានេះក្រុមហ៊ុន នឹងជួយរដ្ឋាភិបាលយោធាក្នុងការបង្កើត និងប្រតិបត្តិគោលនយោបាយ ដើម្បីជាប្រយោជន៍សម្រាប់ការអភិវឌ្ឍរបស់មីយ៉ាន់ម៉ាផងដែរ ជាពិសេសគឺពន្យល់ស្ថានការណ៍មីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារយោធាទៅបរទេស។
ដោយឡែកនៅក្នុងឯកសារមួយទៀត ក្នុងកិច្ចព្រមព្រៀងនេះ លោកMya Tun Oo រដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ា ជាអ្នកចរចាកិច្ចព្រមព្រៀងនេះ ជាមួយទំហំទឹកប្រាក់២លានដុល្លារ។ ចំណែកលោក Ben-Menashe ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ លោកត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រគល់កិច្ចការឲ្យបញ្ចុះបញ្ចូលអាមេរិក ជុំវិញការពង្រឹងទំនាក់ទំនងជាមួយប្រទេសលោកខាងលិច និងនៅឱ្យឆ្ងាយពីចិន។ ទន្ទឹមនឹងនេះ របបសឹកមីយ៉ាន់ម៉ា ក៏មានចង់ដោះស្រាយវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ។
ទាក់ទិននឹងបញ្ហានេះដែរ ក្រុមហ៊ុន Dickens & Madson Canada ត្រូវមានលិខិតអនុញ្ញាតពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស នៃក្រសួងហិរញ្ញវត្ថុអាមេរិក និងរដ្ឋាភិបាលកាណាដាជាមុនសិន ដើម្បីប្រាកដថា ការតំណាងឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងមិនខុសច្បាប់។
សូមរម្លឹកថា បន្ទាប់ពីរដ្ឋប្រហារយោធានៅថ្ងៃទី១ ខែកុម្ភៈ របបសឹក បានរងសម្ពាធពីគ្រប់ទិសទី ទាំងនៅក្នុងប្រទេស និងសហគមន៍អន្តរជាតិ។ សូម្បីតែប្រេសិតមីយ៉ាន់ម៉ា ដែលធ្វើបេសកកម្មរបស់ខ្លួននៅក្រៅប្រទេស ក៏បានដាក់សម្ពាធលើរដ្ឋាភិបាលយោធាដែរ។ បាតុកម្មបានប្រព្រឹត្តទៅជាង ១ខែ ដោយមានអ្នកស្លាប់ច្រើនជាង ៦០នាក់ និងមនុស្សប្រមាណ ១៩០០នាក់ ត្រូវបានចាប់ខ្លួនផងដែរ។
ដោយឡែកជុំវិញបញ្ហានេះដែរ អាមេរិក កាណាដា រួមទាំងអង់គ្លេស នាពេលកន្លងមក ក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ាជាច្រើនរូប ក្នុងទណ្ឌកម្មទាំងនោះរួមមាន៖ ការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ប្រជាជនខ្លួនរកស៊ីជាមួយរបបសឹកមីយ៉ាន់ម៉ាជាដើម៕ដោយ៖ស តារា
រូបភាព៖លោក មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា