(រឿងនេះមានសេចក្ដីស្របគ្នាក្នុងជាតក នឹងអវទាន)
មានតំណាលមកថា នៅក្នុងស្រះ ១ នោះ មានអណ្ដើក ១ ឈ្មោះកម្ពុគ្រីវៈ2ហើយអណ្ដើកនេះ មានសំឡាញ់ពីរជាសត្វហង្សឈ្មោះសង្កត ៣ មួយ ឈ្មោះ វិកត៤ មួយសត្វទាំងពីរនេះ ក៏មានចិត្តស្រឡាញ់អណ្ដើកដោយស្មោះត្រង់ ហើយតែងនាំគ្នាទៅកាន់មាត់ស្រះនោះជានិច្ច ហើយបានដំណាលរឿងរ៉ាវឲ្យអណ្ដើកស្ដាប់សព្វគ្រប់ អំពីរឿងទេវឫសី 5 ព្រហ្មឫសី 6នឹងរាជឫសី7 ដរាបដល់ព្រះអាទិត្យអស្ដង្គតទៅ ទើបនាំគ្នាទៅសំបុករបស់ខ្លួនវិញ ។ លុះក្នុងសម័យតមក ទីនោះក៏រាំងឥតទឹកភ្លៀង ស្រះនោះក៏កាន់តែស្ងួតបន្តិចម្ដង ៗ ។ សត្វទាំង ៣ ក៏កើតទុកដោយគ្រោះថ្នាក់នេះ ទើបហង្សទាំងពីរនិយាយគ្នាថា “ឱ ! សំឡាញ់ស្មើចិត្តអើយឥឡូវនេះស្រះនេះមានតែភក់, ចុះសំឡាញ់គិតគូរដូចម្ដេច ? យើងព្រួយចិត្តណាស់ សព្វថ្ងៃនេះ” ។ កាលកម្ពុគ្រីវៈ បានឮដូច្នោះហើយ ទើបនិយាយឡើងថា “អើ ! សំឡាញ់ ប្រសិនបើគ្មានទឹក, ចំណែកខ្លួនខ្ញុំមិនមានផ្លូវរស់តទៅទៀតទេ ដូច្នេះត្រូវយើងគិតគូររកឧបាយដោះខ្លួន ដ្បិតគេតែងពោលទុកថាៈ
“ញាតិសាច់ក្ដី មិត្រក្ដី ក្នុងពេលដែលមានគ្រោះថ្នាក់មកដល់អ្នកសប្បុរស តែងខំប្រឹងខ្វល់ខ្វាយជួយដោយម៉ឺងម៉ាត់” វាចានេះហើយដែលមនុស្សលោកបានពោលទុកមក ដូច្នេះចូលសំឡាញ់យកវត្ថុអ្វីមួយជាខ្សែយ៉ាងរឹង ឬកំណាត់ឈើ ១ តូចជាដើម ហើយត្រូវនាំងយើងទៅរកស្រះណាមួយដែលមានទឹកច្រើន ។
ឯយើងនឹងខាំត្រង់កណ្ដាលឈើនោះនឹងធ្មេញយើង សំឡាញ់ទាំងពីរពាំចុងកំណាត់ឈើម្ខាងម្នាក់ ហើយនាំយើងទៅកាន់ស្រះនោះ ។ ទើបហង្សឆ្លើយឡើងថា “ឱ ! សំឡាញ់ស្មើចិត្តអើយ ! យើងនឹងធ្វើដូច្នោះក៏បាន ប៉ុន្តែសំឡាញ់ឯងសន្យាថា កុំនិយាយអ្វីឲ្យសោះទើបបាន តែហាមាត់និយាយហើយ មុខជាសំឡាញ់របូតជ្រុះពីបង្គងឈើមិនខាន ហលើយសំឡាញ់នឹងខ្ជេចខ្ទាំជាមិនខាន អណ្ដើកនិយាយឡើងថា ពិតដូចសំឡាញ់ទាំងពិរពោលមែន បើដូច្នេះ ខ្ញុំសុំធ្វើខសន្យាថានឹងនៅស្ងៀមតាំងពីឥឡូវនេះទៅ ដរាបដល់ធ្វើដំណើរទៅតាមអាកាស ទាល់តែខ្ញុំបានដល់ទៅស្រះនោះ ។
កាលព្រមព្រៀងគ្នាធ្វើដូច្នេះហើយ ទើបកម្ពុគ្រីវៈ ក្នុងពេលដែលធ្វើដំណើរទៅតាមអាកាសនោះ បានសង្កេតឃើញភូមិមួយនៅពីខាងក្រោម ។ ពួកអ្នកស្រុកនៅភូមិនោះ បានឃើញដំណើរសត្វទាំង ៣ ដូច្នោះ ក៏និយាយឆោឡោឡើងដោយសេចក្ដីអស្ចារ្យៈ ហៈហា ! អ្វីនុ៎ះហ្ន៎ ! មូលដូចកង់មានសត្វបក្សីពីរពាំនាំហើរទៅ ! ឯកម្ពុគ្រីវៈ កាលបើបានឮសំដីរចែករចោករបស់អ្នកស្រុកដូច្នោះ ទ្រាំអត់មិនបាន ក៏និយាយចេញទៅថា “អើ ! ចុះសូររចែករចោកអ្វីហ្នឹង” អណ្ដើកនេះគ្រាន់តែហាមាត់និយាយមិនទាន់បានពាក់កណ្ដាលម៉ាត់ ក៏របូតខ្លួនចុះចាកបង្គងនុ៎ះមកបែកខ្ទេចជាចំណែកៗ ក្នុងចំណោមអ្នកស្រុកនុ៎ះឯង ។
ហេតុដូច្នេះហើយ ទើបមានពាក្យទុកមកថាៈ “នៅនាលោកិយនេះ អ្នកឯណាមួយ ដែលមិនព្រមធ្វើតាមដមម្បូន្មាន ដែលមានមេត្រីចិត្តស្មោះត្រង់ទេ នឹងវិនាសខ្លួនមិនខាន ដូចជាអណ្ដើកខ្លៅ ដែលធ្លាក់ចុះពីបង្គងឈើដូច្នោះដែរ” ។
កែសម្រួលនិងស្រាវជ្រាវដោយ÷
ចៅតាជេត