រឿងនិទាន÷ អណ្ដើក​និង​ហង្ស​ពីរក្បាល

ចែករំលែក៖

(រឿង​នេះ​មាន​សេចក្ដី​ស្រប​គ្នា​ក្នុង​ជាតក នឹង​អវទាន)

មានតំណាលមកថា នៅ​ក្នុង​ស្រះ ១ នោះ មាន​អណ្ដើក ១ ឈ្មោះ​កម្ពុគ្រីវៈ2ហើយ​អណ្ដើក​នេះ មាន​សំឡាញ់​ពីរ​ជា​សត្វ​ហង្ស​ឈ្មោះ​សង្កត ៣ មួយ ឈ្មោះ វិកត៤ មួយសត្វ​ទាំង​ពីរ​នេះ ក៏​មាន​ចិត្ត​ស្រឡាញ់​អណ្ដើក​ដោយ​ស្មោះ​ត្រង់ ហើយ​តែង​នាំ​គ្នា​ទៅ​កាន់​មាត់​ស្រះ​នោះ​ជានិច្ច ហើយ​បាន​ដំណាល​រឿង​រ៉ាវ​ឲ្យ​អណ្ដើក​ស្ដាប់​សព្វ​គ្រប់ អំពី​រឿង​ទេវឫសី 5 ព្រហ្មឫសី 6នឹង​រាជឫសី7 ដរាប​ដល់​ព្រះ​អាទិត្យ​អស្ដង្គត​ទៅ ទើប​នាំ​គ្នា​ទៅ​សំបុក​របស់​ខ្លួន​វិញ ។ លុះ​ក្នុង​សម័យ​ត​មក ទី​នោះ​ក៏​រាំង​ឥត​ទឹក​ភ្លៀង ស្រះ​នោះ​ក៏​កាន់​តែ​ស្ងួត​បន្តិច​ម្ដង ៗ ។ សត្វ​ទាំង ៣ ក៏​កើត​ទុក​ដោយ​គ្រោះ​ថ្នាក់​នេះ ទើប​ហង្ស​ទាំង​ពីរ​និយាយ​គ្នា​ថា “ឱ ! សំឡាញ់​ស្មើ​ចិត្ត​អើយ​ឥឡូវ​នេះ​ស្រះ​នេះ​មាន​តែ​ភក់, ចុះ​សំឡាញ់​គិត​គូរ​ដូច​ម្ដេច ? យើង​ព្រួយ​ចិត្ត​ណាស់ សព្វ​ថ្ងៃ​នេះ” ។ កាល​កម្ពុគ្រីវៈ បាន​ឮ​ដូច្នោះ​ហើយ ទើប​និយាយ​ឡើង​ថា “អើ ! សំឡាញ់ ប្រសិន​បើ​គ្មាន​ទឹក, ចំណែក​ខ្លួន​ខ្ញុំ​មិន​មាន​ផ្លូវ​រស់​ត​ទៅ​ទៀត​ទេ ដូច្នេះ​ត្រូវ​យើង​គិត​គូរ​រក​ឧបាយ​ដោះ​ខ្លួន ដ្បិត​គេ​តែង​ពោល​ទុក​ថាៈ

“ញាតិ​សាច់​ក្ដី មិត្រ​ក្ដី ក្នុង​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​មក​ដល់​អ្នក​សប្បុរស តែង​ខំ​ប្រឹង​ខ្វល់​ខ្វាយ​ជួយ​ដោយ​ម៉ឺង​ម៉ាត់” វាចា​នេះ​ហើយ​ដែល​មនុស្ស​លោក​បាន​ពោល​ទុក​មក ដូច្នេះ​ចូល​សំឡាញ់​យក​វត្ថុ​អ្វី​មួយ​ជា​ខ្សែ​យ៉ាង​រឹង ឬ​កំណាត់​ឈើ ១ តូច​ជា​ដើម ហើយ​ត្រូវ​នាំង​យើង​ទៅ​រក​ស្រះ​ណា​មួយ​ដែល​មាន​ទឹក​ច្រើន ។

ឯ​យើង​នឹង​ខាំ​ត្រង់​កណ្ដាល​ឈើ​នោះ​នឹង​ធ្មេញ​យើង សំឡាញ់​ទាំង​ពីរ​ពាំ​ចុង​កំណាត់​ឈើ​ម្ខាង​ម្នាក់ ហើយ​នាំ​យើង​ទៅ​កាន់​ស្រះ​នោះ ។ ទើប​ហង្ស​ឆ្លើយ​ឡើង​ថា “ឱ ! សំឡាញ់​ស្មើ​ចិត្ត​អើយ ! យើង​នឹង​ធ្វើ​ដូច្នោះ​ក៏​បាន ប៉ុន្តែ​សំឡាញ់​ឯង​សន្យា​ថា កុំ​និយាយ​អ្វី​ឲ្យ​សោះ​ទើប​បាន តែ​ហា​មាត់​និយាយ​ហើយ មុខ​ជា​សំឡាញ់​របូត​ជ្រុះ​ពី​បង្គង​ឈើ​មិន​ខាន ហលើយ​សំឡាញ់​នឹង​ខ្ជេច​ខ្ទាំ​ជា​មិន​ខាន អណ្ដើក​និយាយ​ឡើង​ថា ពិត​ដូច​សំឡាញ់​ទាំង​ពិរ​ពោល​មែន បើ​ដូច្នេះ ខ្ញុំ​សុំ​ធ្វើ​ខ​សន្យា​ថា​នឹង​នៅ​ស្ងៀម​តាំង​ពី​ឥឡូវ​នេះ​ទៅ ដរាប​ដល់​ធ្វើ​ដំណើរ​ទៅ​តាម​អាកាស ទាល់​តែ​ខ្ញុំ​បាន​ដល់​ទៅ​ស្រះ​នោះ ។

កាល​ព្រម​ព្រៀង​គ្នា​ធ្វើ​ដូច្នេះ​ហើយ ទើប​កម្ពុគ្រីវៈ ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​តាម​អាកាស​នោះ បាន​សង្កេត​ឃើញ​ភូមិ​មួយ​នៅ​ពី​ខាង​ក្រោម ។ ពួក​អ្នក​ស្រុក​នៅ​ភូមិ​នោះ បាន​ឃើញ​ដំណើរ​សត្វ​ទាំង ៣ ដូច្នោះ ក៏​និយាយ​ឆោ​ឡោ​ឡើង​ដោយ​សេចក្ដី​អស្ចារ្យៈ ហៈ​ហា ! អ្វី​នុ៎ះ​ហ្ន៎ ! មូល​ដូច​កង់​មាន​សត្វ​បក្សី​ពីរ​ពាំ​នាំ​ហើរ​ទៅ ! ឯ​កម្ពុគ្រីវៈ កាល​បើ​បាន​ឮ​សំដី​រចែក​រចោក​របស់​អ្នក​ស្រុក​ដូច្នោះ ទ្រាំ​អត់​មិន​បាន ក៏​និយាយ​ចេញ​ទៅ​ថា “អើ ! ចុះ​សូរ​រចែក​រចោក​អ្វី​ហ្នឹង” អណ្ដើក​នេះ​គ្រាន់​តែ​ហា​មាត់​និយាយ​មិន​ទាន់​បាន​ពាក់​កណ្ដាល​ម៉ាត់ ក៏​របូត​ខ្លួន​ចុះ​ចាក​បង្គង​នុ៎ះ​មក​បែក​ខ្ទេច​ជា​ចំណែក​ៗ ក្នុង​ចំណោម​អ្នក​ស្រុក​នុ៎ះ​ឯង ។

ហេតុ​ដូច្នេះ​ហើយ ទើប​មាន​ពាក្យ​ទុក​មក​ថាៈ “នៅ​នា​លោកិយ​នេះ អ្នក​ឯ​ណា​មួយ ដែល​មិន​ព្រម​ធ្វើ​តាម​ដមម្បូន្មាន ដែល​មាន​មេត្រី​ចិត្ត​ស្មោះ​ត្រង់​ទេ នឹង​វិនាស​ខ្លួន​មិន​ខាន ដូច​ជា​អណ្ដើក​ខ្លៅ ដែល​ធ្លាក់​ចុះ​ពី​បង្គង​ឈើ​ដូច្នោះ​ដែរ” ។
កែសម្រួលនិងស្រាវជ្រាវដោយ÷
ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print