សភាប្រជាជនចិន៖ អនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង

ចែករំលែក៖

អន្តរជាតិ​៖​ សភាប្រជាជនចិន​ ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី១៣​ នាថ្ងៃទី១១ ខែមីនា​ ឆ្នាំ​២០២១​ បានអនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង។ ជាក់​ស្ដែង​ក្នុង​សេចក្តីសម្រេចដែលមានចំនួន៩មាត្រារបស់សភាប្រជាជនចិននេះ​ ទទួលបានការគាំទ្រក្នុងសំឡេងដ៏ច្រើនលើសលុបក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ។ ចំណែក​ចំណុចថ្មី​ នៃកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង គឺការបង្កើតគណៈកម្មាធិការបោះឆ្នោត និងការតម្រូវឲ្យបេក្ខជនតំណាងរាស្ត្រ និងនាយកប្រតិបត្តិជាមនុស្សស្នេហាជាតិចិន។

សភាប្រជាជនចិន ចំពោះ​ការបោះឆ្នោតអនុម័តផែនការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅហុងកុង​ គឺជាការបោះជំហានទៅរកគោលដៅ «មានតែអ្នកស្នេហាជាតិគ្រប់គ្រងហុងកុង»។ ក្នុងចំណោមសមាជិកមានវត្តមានប្រជុំចំនួន២៨៩៦នាក់ តែមានសមាជិកម្នាក់ប៉ុណ្ណោះបោះឆ្នោតអនុប្បវាទលើសេចក្ដីសម្រេចនេះ។

ក្នុង​កិច្ចប្រជុំសភាប្រជាជនចិន បានលើកឡើងថា ប្រព័ន្ធបោះឆ្នោតហុងកុងត្រូវតែសមស្របទៅនឹងអធិបតេយ្យជាតិចិន ការរក្សាផលប្រយោជន៍ វិបុលភាព និងស្ថិរភាពហុងកុង ក៏ដូចជាស្របទៅតាមច្បាប់សន្តិសុខជាតិហុងកុង។ សភាចិនសង្កត់ធ្ងន់ថា អ្នកគ្រប់គ្រង និងដឹកនាំហុងកុងត្រូវតែជាមនុស្សសេ្នហាជាតិចិន និងគាំទ្រគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។

បេីតាមលោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន​ ក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចប្រជុំសភា នាថ្ងៃទី១១ ខែមីនា បានលើកឡើងថា ហុងកុងត្រូវការកែប្រែប្រព័ន្ធបោះឆ្នោតដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍ ហើយហុងកុងត្រូវតែគ្រប់គ្រងដោយអ្នកស្នេហាជាតិ។

បើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua​ បានចុះផ្សាយថា​ សេចក្តីសម្រេចដែលទើបអនុម័តនេះ តម្រូវឱ្យហុងកុងបង្កើតគណៈកម្មាធិការបោះឆ្នោតមួយដែលមានប្រតិភូចំនួន១,៥០០នាក់។ ប្រតិភូទាំងនោះ នឹងទទួលខុសត្រូវលើការបោះឆ្នោតជ្រើសរើសប្រមុខតំបន់ហុងកុង ក៏ដូចជាសមាជិកសភាហុងកុងមួយចំនួនផងដែរ។ គណៈកម្មាធិការនេះ ក៏ទទួលបន្ទុកក្នុងការស្នើបេក្ខជនសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រសភាហុងកុង និងបេក្ខជនសម្រាប់តំណែងប្រមុខតំបន់នេះផងដែរ។

សូមជម្រាបថា​ ប្រតិភូទាំង១,៥០០រូបនេះ​ មានសមាសភាពមកពីវិស័យផ្សេងៗរបស់ក្រុងហុងកុងមានឧស្សាហកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងអ្នកជំនាញវិជ្ជាជីវៈ ពលរដ្ឋមូលដ្ឋាន ពលករ និងបុព្វជិតសាសនាជាដើម។ ទន្ទឹម​នឹង​នេះ​តំណាងរាស្ត្រ តំណាងក្រុមប្រឹក្សាសង្កាត់ តំណាងរាស្ត្រហុងកុងប្រចាំសភាប្រជាជនចិន តំណាងហុងកុងក្នុងគណៈកម្មធិការសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន និងតំណាងហុងកុងនាស្ថាប័នជាតិផ្សេងទៀតក៏ ជាសមាសភាពប្រតិភូនេះផងដែរ។

ដោយឡែក​ចំពោះតំណែងនាយកប្រតិបត្តិហុងកុងវិញ បេក្ខជននឹងត្រូវជ្រើសតាំងដោយរដ្ឋាភិបាលមជ្ឈិមចិន ក្រោយការបោះឆ្នោតយល់ព្រមដោយគណៈកម្មាធិការបោះឆ្នោតហុងកុង។ ខណៈដែល​បេក្ខជនសម្រាប់តំណែងនេះ ត្រូវតែស្នើឡើងរួមគ្នាដោយប្រតិភូយ៉ាងហោចណាស់ចំនួន១៨៨ ក្នុងនោះប្រតិភូយ៉ាងតិចណាស់ចំនួន១៥ពីវិស័យនីមួយៗក្នុងហុងកុង។ ចំណែក​ការបោះឆ្នោតត្រូវធ្វើឡើងដោយសម្ងាត់ ហើយប្រតិភូម្នាក់មានសំឡេងមួយស្មើគ្នា។

លេីសពីនេះ​ទៅទៀត​ គណៈកម្មាធិការមួយក៏ត្រូវបង្កើតឡើងផងដែរសម្រាប់ពិនិត្យលើលក្ខខណ្ឌ និងផ្តល់ការយលព្រមដល់សំណើរសុំឈរឈ្មោះបេក្ខជនតំណាងរាស្ត្រ និងប្រមុខតំបន់ហុងកុង។ បានន័យថា អ្នកនយោបាយដែលមាននិន្នាការប្រឆាំង ទំនងជាមិនអាចឆ្លងផុតលក្ខខណ្ឌថ្មីឡើយ ដែលការណ៍នឹងនាំដល់ការថយចុះសំឡេងប្រឆាំងប៉េកាំងនៅហុងកុងតែម្ដង។

គួរបញ្ជាក់ថា​ សភាហុងកុង​ ដែលធ្លាប់តែមានសមាជិកចំនួន៧០រូប នឹងត្រូវបង្កើនដល់៩០រូប ដោយតំណាងរាស្ត្រនឹងត្រូវជ្រើសចេញពីការបោះឆ្នោតដោយផ្ទាល់ផង តែងតាំងដោយគណៈកម្មាធិការបោះឆ្នោតផង និងតំណាងរាស្ត្រដែលតំណាងឱ្យវិស័យនានានៅក្នុងតំបន់ពាក់កណ្តាលស្វ័យភាពមួយនេះ៕ដោយ​៖ស​ តារា​

រូបភាព​៖កិច្ចប្រជុំសភាចិន

...

រូបថត​៖Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print