មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត រៀបចំសាងសង់ស្ថានីយ ជីកស្រះចិញ្ចឹមត្រីមេពូជនិងភ្ញាស់កូនត្រីសម្រាប់តម្រូវការទីផ្សារ លើដី១០ហិកតាអស់ថវិកា១,៧លានដុល្លាអាមេរិក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដោយមើលឃើញពីការបាត់បង់ត្រីមេពូជ និងពូជត្រីជាច្រើនប្រភេទផ្សេងទៀត ព្រោះតែការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ធ្វើឲ្យបាត់បង់ត្រីមេពូជ និងត្រីខ្លះទៀតមិនអាចបន្តពូជបាន ក្នុងការបន្លាស់ទីជម្រកសម្រាប់ពងញាស់កូនបានរបស់ត្រីមេពូជ  ទើបរាជរដ្ឋាភិបាលកម្ពុជាយើងរៀបចំឱ្យមានស្ថានីយចិញ្ចឹមត្រីនិងភ្ញាស់កូនត្រីដើម្បីតម្រូវការទីផ្សារតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទទើបនឹងឡើងថ្មីបានរៀបចំដីមួយកន្លែងដែលមានទំហំផ្ទៃក្រឡាដី១០ហិកតាដើម្បីសាងសង់ជាស្ថានីយចិញ្ចឹមត្រីនិងភ្ញាស់កូនត្រីនេះឡើង ដែលស្ថិតក្នុងភូមិសាមខួយ ឃុំសាមខួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

តាមការលើកឡើងរបស់លោកទុំ នីរ៉ូ ប្រធានស្តីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះថា ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់ចេញនូវផែនការសាងសង់ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជនៅខេត្តស្ទឹងត្រែងលើផ្ទៃដីទំហំ ១០ហិកតា ដែលត្រូវចំណាយថវិកាប្រមាណ ១,៧លានដុល្លារអាមេរិក ដែលជាថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក រួមជាមួយនឹងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី ១។

ស្ថានីយនេះ មានសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននឹងត្រូវសាងសង់រួមគ្នាក្នុងបរិវេណតែមួយរួមមាន រោងភ្ញាស់កូនត្រី រោងបំប៉នកូនត្រី  អគារពិសោធន៍  អគារឃ្លាំង អគារស្នាក់នៅ អគារបណ្តុះបណ្តាល និងបណ្ណាល័យ រោងបូមទឹក  ស្រះបំប៉នកូនត្រី  ស្រះចិញ្ចឹមត្រីសាច់  ស្រះត្រីមេពូជ  ស្រះស្តុកទឹកកខ្វក់ ស្រះស្តុកទឹកសម្រាប់ផ្គត់ផ្គង់ ដែលមានស្រះជាច្រើនធ្វើនៅលើផ្ទៃដីនេះ និងប្រព័ន្ធបង្ហូរទឹកជាដើម។ល។

លោកបន្តថា នេះជាប្រវត្តិសាស្ត្រដែលខេត្តស្ទឹងត្រែងយើង អាចបង្កើតស្ថានីយស្រាវជ្រាវភ្ញាស់កូនត្រី ហើយនិងគម្រោងដាក់ចិញ្ចឹមត្រីមេពូជ ភ្ញាស់យកកូន ជាច្រើនប្រភេទសម្រាប់ចែកក្នុងស្រុក និងចិញ្ចឹមត្រីយកសាច់តម្រូវការទីផ្សារផងដែរ និងជំរុញឲ្យពលរដ្ឋយើងបង្កើតវារីវប្បកម្មចេះចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ កំុពឹងផ្អែកអាស្រ័យលើត្រីបឹងបួទន្លេធម្មជាតិពេក ដើម្បីថែរក្សាត្រីធម្មជាតិឱ្យគង់វង្ស ដូចកាលសម័យដើម។ លោកបញ្ជាក់ថា: ក្នុងការសាងសង់នេះខ្ទង់ប្រមាណជា១០ខែយ៉ាងលឿន ក្នុងខែកក្កដា ខាងមុខនេះ នឹងហើយជាស្ថាពរ ហើយស្ថានីយយើងក៏និងដំណើរការតែម្តង៕

      

...

 ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print