ខេត្តព្រះសីហនុ៖ យុវជន២នាក់ជិះម៉ូតូ១គ្រឿងបើកគេចពីគោលដៅត្រួតពិនិត្យលើផ្លូវជាតិលេខ៣ ចំណុចស្ពានត្រពាំងរពៅ ត្រូវកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ស្ទាក់ចាប់ឃាត់ជាប់ ដើម្បីធ្វើការពិន័យអន្តរការណ៍។
យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ភុល សារ៉ូ ភេទប្រុស បានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-1335 បានជិះម៉ូតូគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។
យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។
សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕
ឆ្លាម សមុទ្រ