អាជ្ញាធររាជធានីភ្នំពេញគ្រោងដាំដើមឈើប្រណីតប្រមាណ១០ម៉ឺនដើមនៅតំបន់បឹងតាមោក រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគ្រោងនឹងដាំដើមឈើប្រណិីតប្រមាណ ១០ម៉ឺនដើមបន្ថែមទៀតនៅតំបន់បឹងតាមោកដែលហៅថាឧទ្យានជាតិរាជធានីភ្នំពេញ ដើម្បីលើកសោភណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់បំព្រង មានជម្រកពណ៌បៃតង មានបរិស្ថានល្អ និងដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

     មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅយប់ថ្ងៃទី១៣មីនាថា នៅពេលដ៏ខ្លីខាងមុខនេះជាគម្រោងរបស់អភិបាលរាជធានីភ្នំពេញលោកគ្រោងនឹងដាំដើមឈើប្រភេទធ្នង់ប្រមាណ១០ម៉ឺនដើមទៀតនៅតំបន់បឹងតាមោកក្នុងខណ្ឌព្រែកព្នៅ លើផ្ទៃដី ៧៥ហិកតា ។

 នេះជាការគិតគូរវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដោយលោកធ្លាប់បានអំពាវនាវទៅប្រជាពលរដ្ឋ មន្ត្រីរាជការ មហាជនទូទៅ ឱ្យចេះស្រឡាញ់ដើមឈើដូចស្រឡាញ់កូនចៅខ្លួនឯង។លោក ឃួង ស្រេង ធ្លាប់បានលើកឡើងថា ការដាំដើមឈើនៅពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។

    លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ក៏បានបញ្ជាក់ឱ្យដឹងនៅរាត្រីថ្ងៃទី១៣មិីនានេះដែរថា កន្លងមកនេះក្រោមគំនិតផ្តួចផ្តើមរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគ្រោងដាំដើមឈើចំនួន១០ម៉ឺនដើមនៅពេលខាងមុខនេះ ដើម្បីបង្កើតឱ្យមានជម្រកបៃតងនៅរាជធានីភ្នំពេញ។កន្លងមករដ្ឋបាលព្រៃឈើភ្នំពេញបានដាំដើមឈើប្រភេទធ្នង់ គគីរ នៅតាមទីសាធារណៈជាច្រើន ដូចជានៅតាមផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ)ដាំដើមធ្នង់ គគីរ ១៨០០ដើម, នៅតំបន់បឹងកក់ ជាង៧០០ដើម, នៅតាមផ្លូវជាតិលេខ៦អា ជាង១០០០ដើម, នៅតាមផ្លូវចំការដូងជាង២០០០ដើម, នៅតាមផ្លូវជាតិលេខ៤ ជាង៥០០ដើម, នៅវត្តភ្នៀត ជាង៩០០ដើម, នៅវត្តគល់ទទឹងជាង ១០០០ដើម, នៅក្នុងមន្ទីរពេទ្យកុមារជាតិ ជាង២០០ដើម, នៅមហាវិទ្យាល័យសុខាភិបាលការពារជាតិជាង៥០០ដើម និងនៅក្នុងវិទ្យាល័យដូនពេញ ជាង២០០ដើម ។

    ចំណែក លោកសំ សាមុត បានឱ្យដឹងនៅរាត្រីថ្ងៃទី១៣មិីនានេះថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់លើការដាំដើមឈើប្រណិីតៗនេះ ដោយកន្លងមកលោកអភិបាលបានចុះផ្ទាល់ដើម្បីដាំដើមឈើនិងណែនាំឱ្យមន្ត្រីពាក់ព័ន្ធដាំផងដែរ ក្នុងនោះណែនាំឱ្យអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋាន ដាំឈើធ្នង់ដែលមានទំហំប៉ុនកំភួនជើង ប្រមាណពី១៥០០ដើមទៅ២០០០ដើម នៅអមសងខាងផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពីស្ពាន ដែកចំការដូងរហូតដល់រង្វង់មូលកួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល លើចម្ងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ១៤គីឡូម៉ែត្រ)។ ដាំប្រភេទឈើធ្នង់សុទ្ធនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វាចំនួន១០០០ដើម។ ដាំប្រភេទឈើននេលនៅលើផ្លូវហាណូយចំនួនជាង១៥០០ដើម ដាំនៅលើឧទ្យានខាងលិចស្ពានជ្រោយចង្វាចំនួន៣៦០ដើម ជាដើម។

      សូមបញ្ជាក់ថា៖ ក្នុងពិធីដាំដើមឈើនាពេលកន្លងមកនេះលោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋ, មន្ត្រីរាជការនិងមហាជនទូទៅ ត្រូវចេះស្រឡាញ់ដើមឈើឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង ។ ត្រូវចូលរួមដាំបន្ថែម និងថែរក្សាដើមឈើឲ្យបានល្អនិងគង់វង្សបង្កើនគម្របបៃតងឲ្យបានកាន់តែច្រើនដើម្បីរក្សាលំនឹងបរិស្ថាន និងធម្មជាតិសម្រាប់ជីវិតមនុស្សសត្វលើភពផែនដីយើងនេះឲ្យប្រកបដោយនិរន្តរភាព និងស្រស់បំព្រងគ្រប់រដូវកាល ។ ព្រៃឈើពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វប្បធម៌ទេសចរណ៍ និងការសិក្សាស្រាវជ្រាវប្រព័ន្ធការពារដីនៅទីជំរាល និងប្រព័ន្ធការពារជីវៈចម្រុះជាដើម។ ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឲ្យមានទឹកជំនន់ខ្យល់កន្ត្រាក់ រន្ទះនិងរាំងស្ងួត,បាត់បង់មច្ឆជាតិគ្រប់ប្រភេទ និងអាចបង្កទៅជាវាលរហោឋាន ធ្លាក់ចុះគុណភាពដីជាដើម។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមដាំដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អទុកសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ៕

    

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print