ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងរថយន្ត នៅគ្រាដែលកំពុងធ្វើដំណើរច្រាសទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង០០នាទី ព្រលប់ថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលំដែលកំពុងសាងសង់១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក វីហ្វោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 5656 ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូពេញទំហឹង ខណៈកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យភាគីបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកភាគីបង្កបើកបររថយន្តគេចបាត់ ។
នគរបាលស្រុកដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ខាងភាគីបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ឈ្មោះ វ៉ា សុជា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បច្ចុប្បន្ន ជនរងគ្រោះ(ស្លាប់)សមត្ថកិច្ចធ្វើកំណត់ប្រគល់ជូនក្រុមគ្រួសារ ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត រក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ៕
ដោយ៖ បុឹម ពិន