ទាំងកីឡាករ Lionel Messi និងកីឡាករ Cesc Fabregas ត្រូវបានភរិយាបញ្ចុះបញ្ចូលឱ្យបញ្ចប់អាជីពរបស់ខ្លួននៅលីគកំពូលអាមេរិក Major League Soccer (MLS)។
បច្ចុប្បន្នកីឡាករអេស្ប៉ាញ Cesc Fabregas រូបនេះកំពុងលេងនៅ Monaco ជាកន្លែងដែលគាត់ជាប់កិច្ចសន្យារហូតដល់ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែសង្ឃឹមថានឹងជួបជុំជាមួយមិត្តភក្តិជិតស្និទ្ធរបស់គាត់គឺ Messi ម្តងទៀតសម្រាប់ដំណើរប្តូរក្លិបមុនពេលពួកគាត់ព្យួរស្បែកជើង។
យោងតាមសារព័ត៌មាន CBS Sports បានឱ្យដឹងថា អ្នកទាំងពីរអាចធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកជាមួយគ្នាដើម្បីទៅចូលរួមជាមួយក្លិបនៅលីគកំពូលអាមេរិក។ ចំណែកដៃគូរៀងៗខ្លួនគឺ Daniella Seaman និង Antonella Roccuzzo គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយតាមសេចក្តីរាយការណ៍ភរិយាអ្នកទាំង២ក៏បានបង្វែរប្តីរបស់ពួកគាត់ឲ្យទៅលេងនៅសហរដ្ឋអាមេរិកដែរ។
សារព័ត៌មាន CBS Sports បានបន្តថា “យើងនៅមិនទាន់ដឹងថា វានឹងកើតឡើងនៅពេលណាទេ។ ជាការពិតណាស់Messi នៅតែលេងឲ្យ Barcelona ហើយ Cesc Fabregas នៅតែនៅ Monaco ប៉ុន្តែវាជាអ្វីដែលស្ថិតនៅខាងក្រោយគំនិតរបស់កីឡាករទាំងពីរ។ អ្នកទាំង២លេងជាមួយគ្នានៅBarcelona ជាទីដែលពួកគេបានបង្កើតការយល់ចិត្តគ្នានៅលើទីលាន ដែលអាចជាគំនិតជំរុញទឹកចិត្តពួកគាត់ទៅលេងនៅអាមេរិកក៏ថាបាន ៕
ដោយ៖ ភារៈ