ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ មួយចំនួនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្ដាល។
សម្ភារសម្រាប់បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ មួយចំនួនដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ រួមមាន៖ ម៉ាស់ចំនួន ១១៦កេស ស្មើនឹង៥៨០០ប្រអប់ ទឹកសម្លាប់មេរោគចំនួន៤៨កេស ជែលសម្អាតដៃចំនួន២៤កេស មីជាតិ ចំនួន១៧៥០កេស មាន់៥០០ក្បាល ទឹកសុទ្ធដបតូចចំនួន១៧៥០កេស ទឹកសុទ្ធដបធំ ចំនួន១២០កេស និងអាល់កុល ចំនួន៦០កាន។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ជាងនេះទៅទៀត ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយល់ច្បាស់ពីវិធីបង្ការការការពារជំងឺកូវីដ-១៩ ដល់អនុវត្តបាននូវវិធានការ ៣ការពារ ៣កុំ។
លោកបន្តថា សម្ភារទាំងអស់នេះ ត្រូវចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើទីប្រជុំជន ផ្សារ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាអនាម័យឱ្យបានល្អជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបាននូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងករណីមិនចាំបាច់ សូមបងប្អូនកុំទៅទីប្រជុំជន និងកន្លែងដែលមានមនុស្សច្រើន។
សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៣៣៧០នាក់ យកសំណាកបាន ១២៧៧៤នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៦៩២នាក់ នៅផ្ទះចំនួន ១១២៧៩នាក់ មានករណីវិជ្ជមានចំនួន ៨៣នាក់ ករណីជាសះស្បើយចំនួន ៣នាក់៕
ឆ ដា