គ្រាប់បាល់ “Own Goal” ជួយឲ្យបិសាចក្រហមទទួលបាន៣ពិន្ទុពី West Ham ខណៈ Arsenal, Leicester Cityទទួលបានជ័យជម្នះក្នុងទឹកដី

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United ទទួលបានសំណាងធំដោយរកបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតសម្រាប់សប្តាហ៍ទី២៩ ក្របខ័ណ្ឌ Premier League ដោយសារបានបាល់ស៊ុតចូលទីខ្លួនឯង (Own Goal)១គ្រាប់។ ចំណែកក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham និងក្រុមម្ចាស់ផ្ទះ Leicester City បានបំបាក់ក្រុមភ្ញៀវ Sheffield United មិនឲ្យតដៃរួចទទួលបានជ័យជម្នះរៀងៗខ្លួន។

គ្រាប់បាល់សំណាង១គ្រាប់របស់ក្រុមបិសាចក្រហម Man United គឺកើតឡើងនៅនាទីទី៥៣ ដោយកីឡាករ Dawson របស់ក្រុម West Ham បានហក់តែតចូលទីខ្លួនឯងពេលរារាំងកីឡាករក្រុមបិសាចក្រហមក៏ភ្លាត់ស្នៀតតែតចូលទីខ្លួនឯងតែម្តង។ ១គ្រាប់នេះគឺជាជ័យជម្នះយ៉ាងធំធេងរបស់ក្រុម Man United ដោយធ្វើឲ្យក្រុមនេះបន្តឈរចំណាត់ថ្នាក់លេខ២ មាន៥៧ពិន្ទុ តាមពីក្រោយក្រុមលេខ១ Man City ១៤ពិន្ទុ។

ចំណែកក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុម Tottenham ក្នុងលទ្ធផល២ទល់១។ ១គ្រាប់របស់ក្រុម Tottenham រកបាននៅនាទីទី៣៣ ដោយកីឡាករ Lamela ខណៈ២គ្រាប់របស់ក្រុម Arsenal រកបានដោយកីឡាករ Ødegaard នៅនាទីទី៤៤ និង១គ្រាប់ទៀតរកបានដោយកីឡាករ Lacazette នៅនាទីទី៦៤ ដោយបាល់ពិន័យប៉េណាល់ទី។

ដោយឡែកក្រុមចចកកំណាច Leicester City វិញបានបំបាក់ក្រុមភ្ញៀវ Sheffield United ក្នុងលទ្ធផល៥ទល់០ ដែលធ្វើឲ្យក្រុម Leicester City បន្តកាន់កាប់លេខ៣ដដែលមាន៥៦ពិន្ទុ ខណៈដែលក្រុម Sheffield United បន្តឈរនៅបាតតារាងដដែលមានតែ១៤ពិន្ទុប៉ុណ្ណោះក្នុង២៩ប្រកួតកន្លងមក។

៥គ្រាប់របស់ក្រុម Leicester City រកបានដោយកីឡាករ Iheanacho៣គ្រាប់ម្នាក់ឯងគឺនៅនាទីទី៣៩, នាទីទី៦៩ និងនាទីទី៧៨ ខណៈ២គ្រាប់ទៀតរកបានដោយកីឡាករ Ayoze Pérez នៅនាទីទី៦៤ និង១គ្រាប់ទៀតគឺជាការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Ampadu នៅនាទីទី៨០។

លទ្ធផលនេះធ្វើឲ្យក្រុម Leicester City បន្តឈរលេខ៣ដដែល ដោយចាញ់ពិន្ទុក្រុមលេខ២តែ១ពិន្ទុប៉ុណ្ណោះ ខណៈក្រុមកាំភ្លើងធំ Arsenal ឈរចំណាត់ថ្នាក់លេខ១០, ក្រុម Tottenham ឈរចំណាត់ថ្នាក់លេខ៧ និងក្រុម West Ham ឈរចំណាត់ថ្នាក់លេខ៥ ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print