មនុស្សស្លាប់កើនឡើងដល់ ១២៦នាក់​ ក្នុង​ស្ថានការណ៍នៅមីយ៉ាន់ម៉ា​ ក្រោយ​យោធាដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក សង្កាត់២នៅរ៉ង់ហ្គូន

ចែករំលែក៖

អន្តរជាតិ​៖ ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ​ រហូត​មកដល់​ពេល​នេះ​ គិតចាប់តាំងពីបាតុកម្មផ្ទុះឡើង​ បានធ្វេីឲ្យក្រុមបាតុករយ៉ាងហោច ៣៩នាក់ទៀត​ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបយ៉ាងក្តៅគគុកកាលពីថ្ងៃអាទិត្យទី១៤​ ខែមីនា​ ឆ្នាំ​២០២១​ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុត។ ជាក់ស្ដែង​រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ​ បានប្រកាស ដាក់ចេញនូវច្បាប់អាជ្ញាសឹកនៅក្នុងសង្កាត់ចំនួន ០២នៃទីក្រុងរ៉ង់ហ្គូន ដែលមានប្រជាជនរស់នៅកកកុញ កំពុង​ធ្វើ​បាតុកម្ម​។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា​ ត្រូវ​បានសារព័ត៌មាន CNA ដកស្រង់​ចេញផ្សាយ​នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១នេះ​ បានប្រកាសថា សង្កាត់ ហ្លេង ថាយ៉ា (Hlaing Tharyar) និងសង្កាត់ ស្វេយីថា (Shwepyitha) នៃទីក្រុងរ៉ង់ហ្គូននឹងត្រូវបានដាក់នៅក្រោមច្បាប់ អាជ្ញាសឹកដែលនឹងផ្ដល់សិទ្ធិអំណាចពេញដៃដល់អាជ្ញាធរ ក្នុងតំបន់ដើម្បីអនុវត្តច្បាប់, រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក្រុមសកម្មជនការពារសិទ្ធិមនុស្សយល់ថា ច្បាប់អាជ្ញាសឹកនេះអាចនឹងបើកដៃឱ្យអាជ្ញាធរ បង្កើនការបង្រ្កាបលើក្រុមបាតុករ ដែលនឹងធ្វើមនុស្សស្លាប់ ឬរបួសកាន់តែច្រើនឡើងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រោយអំពើហិង្សាកាលពីថ្ងៃអាទិត្យ បានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងបាតុកម្ម ប្រឆាំងរបបសឹកបានកើនឡើងដល់ ១២៦នាក់ហើយ ខណៈក្រុមសកម្មជន ការពារសិទ្ធិមនុស្សជឿជាក់ថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង នៅក្នុងបរិបទដែលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មតវ៉ា បើទោះជាមានការបង្ក្រាប ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏ដោយ៕ដោយ​៖ស​ តារា​

...

រូបថត​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print