ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៥ខែមិីនាឆ្នាំ២០២១ លោកកុយ សារ៉េន ប្រធានក្រុមហ៊ុនអំពៅស្ករនិងក្រុមការងារបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែនព្រៃតាអីស្ថិតក្នុងឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀងដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ។
លោកកុយ សារ៉េន បានបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច ឈរជើងនៅតាមគោលដៅព្រំដែនព្រៃតាអីដែលបានអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ដើម្បីទប់ស្តាត់នូវប្រជាពលរដ្ឋឆ្លងដែន ជាពិសេសការឲ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវដោយប្រកាន់ខ្ជាប់នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកក៏បានបញ្ជាក់ថា ក្រោមការដាក់ចេញនូវវិធានការ និងការណែនាំយ៉ាងម៉ឺងម៉ាត់របស់លោកម៉ែន វិបុលអភិបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តឃើញថាខេត្តស្វាយរៀង អនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលកើតចេញពីការខិតខំប្រឹងប្រែងរួមសហការគ្នាអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ហើយដើម្បីបន្តរក្សាបាននូវលទ្ធផលឲ្យកាន់តែគាប់ប្រសើរថែមទៀតនោះ យើងត្រូវអនុវត្តតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជានាយករដ្ឋមន្ត្រី ។
ទន្ទឹមនេះ លោកកុយ សារ៉េន ក៏បានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់។
បន្ទាប់មកលោកនិងក្រុមការងារក៏បាននាំយកអំណោយគ្រឿងបរិភោគ ឧបភោគនិងថវិកាជូនដល់កងកម្លាំងចំនួន៣០នាក់ក្នុងម្នាក់ៗទទួលបានចំនួន៥ម៉ឺនរៀលផងដែរ៕
យឹម សុថាន