ខេត្តកំពង់ស្ពឺ: រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជា ពលរដ្ឋខេត្តកំពង់ស្ពឺ ជ្រាបថា ពាក់ព័ន្ធនារីម្នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សោភ័ណ្ឌ មាន វិជ្ជមានកូវីដ -១៩ និងបានមកលេងមិត្តភក្តិនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានធ្វើដំណើរ ទៅកាន់ទីតាំងមួយចំនួនដូចខាងក្រោម ៖
– នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ ២០២១ ពេលរសៀល បានមកហាង ណូណាស៊ីហ្វូតលក់គ្រឿងសមុទ្រ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយនៅថ្ងៃនោះ ក្នុងហាង ក៏មានមនុស្ស ជាច្រើនចូលហូបអាហាររួមទាំងម្ចាស់ហាងផងដែរ។
– នៅថ្ងៃដដែលនោះ ក៏បានទៅលេងផ្ទះមិត្តភក្តិ នៅទីតាំងក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខាងក្រោយបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកំពង់ស្ពឺ។
– នៅពេលរាត្រីបានទៅហាងនៅផ្សាររាត្រី នាមាត់ស្ទឹងព្រែកត្នោត ភូមិទូលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។
– នៅថ្ងៃសៅរ៍ ទី១៣ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៤:០០ រសៀល បានចូលហាងកាហ្វេ អាម៉ាហ្សូន(Amazon) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ស្ថិតនៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន។
– នៅថ្ងៃដដែល វេលាម៉ោង ១៦:០០ រសៀល បានទៅញ៉ាំអាហារនៅហាងម៉ែប៉ុកឬស្សី ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង។
– នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ក៏បានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។
ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាត់តាំងក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរ សុខាភិបាលខេត្ត ព្រមទាំងក្រុមការងារនៃគណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ខេត្ត ចុះទៅធ្វើការណែនាំ និងបានយកអ្នកពាក់ព័ន្ធមួយចំនួនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ជនបទកម្ពុជា-កូរ៉េ និងយកសំណាកទៅពិនិត្យ ព្រមទាំងធ្វើការផ្អាកជាបណ្តោះអាសន្ននូវទីតាំងដូចបាន បញ្ជាក់ខាងលើជាបណ្តោះអាសន្ន។ ទន្ទឹមនេះក្រុមការងារកំពុងបន្តស្រាវជ្រាវ និង តាមដានស្វែងរកព័ត៌មាន បន្ថែមដើម្បីកំណត់អ្នកពាក់ព័ន្ធផ្សេងទៀត។
ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ផ្អែកតាមអនុក្រឹត្យលេខ ៣៧ អនក្រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់ជំពូកទី៦(ទោសប្បញ្ញត្តិ) រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនដែលសង្ស័យថាខ្លួនបានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ សូមមេត្តាទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកខេត្ត ដើម្បី ពិនិត្យ និងសំណាក និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងធ្វើចត្តាឡីស័កខ្លួនឯងមួយរយៈសិន។
អាស្រ័យហេតុនេះ សូមសាធារណជន និង បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជម្ងឺដ៏កាចសាហាវ នេះ៕
ដោយ, សុខ ខេមរា