ភ្នំពេញ៖ យុវជន២នាក់បានផ្លោះរបងរត់ចេញពីមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ដោយឡើងលើដំបូលសំយាបផ្ទះបង្កការភ្ញាក់ផ្អើលខណៈដែលអាណាព្យាបាលមកសុំប្រធានមណ្ឌលយកកូនទៅផ្ទះវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
យុវជនទាំង២នាក់ខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពពីនគរបាលប៉ុស្តិ៍គោកឃ្លាងដែលបានចុះមកដល់កន្លែងកើតហេតុបានឱ្យដឹងថា យុវជនទាំង២នាក់នេះត្រូវបានអាណាព្យាបាលយកមកដាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាប អ្នកញៀនគ្រឿងញៀន (ឌីធីអេ) ហើយនៅថ្ងៃកើតហេតុខាងអាណាព្យាបាលបានមកស្នើសុំខាងមណ្ឌលដើម្បីយកកូនពួកគាត់ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែពួកគេទាំង២នាក់នាំគ្នាផ្លោះរបងរត់ចេញពីក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ឡើងទៅលើដំបូលសំយាបផ្ទះដោយដៃមានកាន់កាំបិតនិងដែកទីបទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនាំគ្នាឈប់ឈរមើល និងភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។ តែពួកគេទាំងពីរនាក់មិនព្រមចុះមកទេ បើទោះបីជាសមត្ថកិច្ចនិងសន្តិសុខនៅមណ្ឌលនោះព្យាយាមនិយាយយ៉ាងណាក៏គេមិនចុះមកដែរ ប៉ុន្តែគេក៏ឃើញខាង
បុគ្គលិកនៅមណ្ឌលខាងលើបានយកលិខិតចេញពីមណ្ឌលឡើងទៅឱ្យពួកគេទាំង២នាក់ផ្តិតមេដៃតាមការស្នើសុំរបស់អាណាព្យាបាលដែរ។
អស់រយៈពេលជិត៣ម៉ោងក៏មានអាណាព្យាលមកជួយនិយាយអង្វរទើបពួកគេព្រមចុះមកហើយក៏ជិះម៉ូតូនិងរថយន្តរបស់អាណាព្យាបាលចេញទៅផ្ទះរៀងៗខ្លួន៕
ដោយ៖ ចន្ទ លីហ្សា