នាយឧត្តមសេនីយ៍ នាង ផាត បើកការដ្ឋានទី២ ស្រង់នាវាផ្ទុកសម្ភារសឹកលិចសម័យសង្គ្រាមស៊ីវិល នៅស្រុកល្វាឯម ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល÷ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោមទឹក ការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល។

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជការ កងបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក របស់ក្រុមការងារអន្តរក្រសួង បានឲ្យដឹងថាសម្រាប់ការដ្ឋានទី២នេះ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារៈសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ ៨០០តោន។

ការបើកការដ្ឋាននេះ ដើម្បីស្រង់នាវាចម្លងផ្ទុកសម្ភារសឹកលិចសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន បានធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញរបស់កម្ពុជា បានបើកប្រតិបត្តិការស្រង់នាវាម៉ារីន ដែលផ្ទុកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើមតោន លិចនៅក្នុងទន្លេមេគង្គ ត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកជាបន្តបន្ទាប់។
ក្នុងនោះ ការដ្ឋានទី១ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈបេសកកម្មរុករករយៈពេលជាង ៥ខែមកនេះ ជាលទ្ធផលរុករកសម្រេចបានគ្រាប់ធុនតូច១២.៧មម មានចំនួន ១០៤ពាន់៥៨០គ្រាប់, គ្រាប់ត្បាល់ ៦០មម ចំនួន ៥៦៤គ្រាប់, គ្រាប់ត្បាល់៨១មម ចំនួន ៣៣៤គ្រាប់ និងគ្រាប់ផ្លោង១០៥មម ចំនួន ១០គ្រាប់។ តាមផែនការគ្រោងទុក ប្រតិបត្តការសិក្សាស្រាវជ្រាវ ស្រង់ យកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមទាំងកិច្ចការងារស្តារ ស្រង់នាវាចម្បាំង ការដ្ឋានទី១នេះ នឹងបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២១ខាងមុខ។

ដោយឡែក ការដ្ឋានទី២ ក្រុមជំនាញបានសិក្សាស្រាវជ្រាវនៅទីតាំងឃុំបឹងគ្រុំ ដងទន្លេមេគង្គក្រោមនេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីប្រមូលព័ត៌មាន និងទិន្ន័យគ្រាប់បន្ថែម មុននឹងដាក់ពង្រាយកម្លាំងប្រតិបត្តការនាថ្ងៃនេះ។ ហើយការដ្ឋានទី២នេះ អាចនឹងប្រើពេលវេលាពី៤ខែ ទៅ៦ខែ ទើបនឹងបញ្ចប់កិច្ចប្រតិបត្តិការទាំងស្រុង។

នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ទីតាំងសម្តេចតេជោ ហ៊ុន សែន បានអញ្ញាតឱ្យក្រុមការងារបន្តសិក្សាស្រាវជ្រាវរកគ្រាប់យុទ្ធភណ្ឌដែលលិចជាមួយនាវាចម្បាំង កាលពីកំលុងសម័យសង្គ្រាមស៊ីវិល ក្នុងទស្សវត្ស៧០។

នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ស្រុកល្វាឯម ដែលបានរួមសហការយ៉ាងនៅក្នុងកិច្ចរុករកកាកសំណល់ និងគ្រាប់អាវុធយុទ្ធភ័ណ្ឌមិនទាន់ក្រោមទឹក និងជម្រុញលើកទឹកចិត្តនាយទាហាន និងពលទាហាន ជាប្រតិបត្តិករក្រុមករាងារជំនាញ ក្នុងការបំពេញបេសកកម្មដ៏គ្រោះថ្នាក់ជួនជាតិ ជូនប្រមុខរាជរដ្ឋាភិបាល ឲ្យកាន់តែសកម្មថែមទៀត និងដើម្បីសេចក្តី សុខសាន្ត ជាពិសេសសុវត្ថិភាពជូនប្រជាពលរដ្ឋលោករស់នៅ និងប្រកបកិច្ចការងារ តាមដងទន្លេមេគង្គ។

សូមបញ្ជាក់ថា ជុំវិញកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងនាវាចម្បាំងដែលលិចទឹកក្នុងទន្លេ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយចំនួនទៀត មានសមាសភាពមកពីរដ្ឋបាលខេត្តកណ្ដាល និងខេត្តព្រៃវែង។

តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ស្រុកលើកដែក ខេត្តកណ្ដាល, ស្រុកពាមរក៍ និងស្រុកពាមជរ ខេត្តព្រៃវែង និងនៅតាមដងទន្លេមេគង្គលើ ក្នុងខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងបន្តទៀតផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print