ភ្នំពេញ, រសជាតិនៃជីវិត ក្នុងគ្រួសារនីមួយៗ ជៀសមិនផុតទេ ពីភាពរកាំរកូស ឈ្លោះ ប្រកែក ខឹង អន់ចិត្តគ្នា ទៅវិញទៅមក ប៉ុន្តែវានឹងអាចរសាយរសាត់បាត់សូន្យឈឹងទៅទឹកនិងពេលវេលា កាលបើក្តីស្រឡាញ់នៅមាន កត្តាអត់ធ្មត់ អត់អោនអោយគ្នា យោគយល់ចិត្តគ្នា ក៏ផ្តើមស្រឡាញ់ អាណិត លើសមុនថែមទៀតក៏អាចថាបាន ។ ផ្ទុយទៅវិញ ស្នេហាខ្លះក៏បែកបាក់ ទាំងការឈឺចាប់ ចងគំនុំគំគួន ឈ្នានីសគ្នា បំផ្លិចបំផ្លាញសេចក្តីសុខ ដល់អតីតភរិយា ឬស្វាមី ដែលមាន កត្តារួមផ្សំជាច្រើនកើតចេញពី មនុស្សខ្វះគុណធម៍ ។
ជាក់ស្តែងលោកស្រី ដេត ម៉ាលីណា មានរូបឆោមលោមពណ៌ ស ស្រស់ស្អាតប្រៀបបានបច្ច:កល្យាណី មានស្វាមីជាឧកញ៉ា ក្នុងទ្រនំខ្ពស់ ទ្រព្យសម្បត្តិ ស្តុកស្តម្ភ ប៉ុន្តែទីបំផុត ! ដេត ម៉ាលីណា ក្លាយទៅជានារីម្នាក់ រស់ទាំងក្រៀមសួត ក្អួតឈាម ឈឺចុកចាប់ ក្រោមគំនាបប្តី ធ្វើទុក្ខបុកម្នេញ រងការប្រមាថ មាក់ងាយ ជេស្តីរួមទាំងអំពើហឹង្សារនៅក្នុងគ្រួសារ រហូតមានដល់យកកំាភ្លើងមកគំរាមសំលាប់ ,..…..,ទង្វើនេះមិនអាចជាឋានសួគាហ៍នៃសុភមង្គលផ្លូវចិត្តបានទេ..? ។
កម្រណាស់ដែលស្ត្រីម្នាក់ហ៊ានលះបង់ អតីតស្វាមីជាអ្នកមានទ្រព្យសម្បត្តិ បុណ្យស័ក្តិ ដោយមានហេតុផលថា, (នាងញញឹមមែន តែបេះដូងយំ) យំនឹងការប្រមាថមាក់ងាយ ការប្រើហិង្សាពីស្វាមី ចិត្តអប្រិយ ។
តាមរយៈវីដេអូ ប្រមាណជាង១ម៉ោង ដែលលោកស្រី ដេត ម៉ាលីណា បានបង្ហោះ គឺបង្ហាញពីសកម្មភាពអតីតស្វាមី ពិតជាជនកំណាចឃោឃៅ ប្រើហិង្សាលើភរិយាចំពោះមុខកូន និងប្រើប្រាស់កាំភ្លើងរកបាញ់សម្លាប់ សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ បទល្មើសជាក់ស្តែង ដែលមន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិឃាត់ខ្លួន ឧកញ៉ា ឌួង ឆាយ ក្នុងរយះពេល១សប្តាហ៍ គិតចាប់ពីលោកស្រីដេត ម៉ាលីណា បានបង្ហោះវីដេអូ ជាតម្រុយមានពិរុទ្ធភាពស្រាប់។
លោកស្រី ដេត ម៉ាលីណា បានសំណេរលើ facebook ផ្លូវការរបស់ខ្លួនថា,ជាដំបូងនាងខ្ញុំដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលះទេសះ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺ
COVID-19 🙏🙏🙏 បន្តែនាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ !
រយះពេល13 ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សំរាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេស្តីរួមទាំងអំពើហឹង្សារនៅក្នុងគ្រួសារ រហូតមានដល់យកកំាភ្លើងមកគំរាមសំលាប់ទៀតផង …… … .. . ។ល។ ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំពិតជាមិនតូចចិត្តនោះទេ ដែលមានមតិ តិះទៀន រិះគន់ ស្តីបន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយះការលាបពណ៌ បំភ្លៃ ការពិតប្រឌិតទាំងគ្មានការខ្មាស់អៀន បំពានយ៉ាងអយុត្តិធម៌របស់អតីតស្វាមីរបស់នាងខ្ញុំមកលើរូបខ្ញុំ ទោះជាយើងទាំងពីរបានព្រមព្រៀង ធ្វើការលែងលះ សមស្របទៅតាមផ្លូវច្បាប់រួចរាល់អស់ហើយក៌ដោយ តែគ្រប់យ៉ាងអ្វី ៗ ដែលជាការពិតវាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់គឺវាមានដែនកំណត់ ។ ការដែលនាងខ្ញុំសម្រេចចិត្ត ទំលាយការពិតមកក្នុងពេលនេះក៏ព្រោះតែរូបគាត់មិនបានគោរពតាម ការព្រមព្រៀងតាមច្បាប់នៃលក្ខ័ណក្នុងការលែងលះរបស់យើងទាំងពីរហើយថែមទាំងព្យាយាមបំបែកម្តាយកូននាងខ្ញុំទៀត មិនមែនជាលើកទីមួយទេដែលអតីតស្វាមីរបស់ខ្ញុំគាត់ព្យាយាមយកកូនចេញពីខ្ញុំ បន្ទាប់ពីយើងលែងលះ ប៉ុន្តែដោយសារការយល់ពីមនោសញ្ជេតនា របស់គាត់ដែលជាឪពុករបស់កូនៗ ដែរនោះទើបនាងខ្ញុំមិនដែលហាមឃាត់រឺតបតរទៅគាត់ឡើយទើប បណ្តាលអាចអោយមានរឿងរហូតមកដូចថ្ងៃនេះបាន ហើយនេះវាក៏គឺជាកំហុសរបស់ខ្ញុំមួយចំនែកដែរ ដែលតែងតែទុកឱកាសអោយគាត់ កែប្រែខ្លួនបំពេញតួនាទីជាឪពុក ដើម្បីបានផ្តល់ភាពកក់ក្តៅដល់កូនៗ ទោះជាយើងលែងលះរួចរាល់ហើយក៏ដោយ ប៉ុន្តែអ្នកនៅតែជាអ្នក អ្នកពិតជាមិនអាចកែរបានឡើយ ខ្ញុំសុំចុះចាញ់អ្នកហើយ តែខ្ញុំក៏មិនអាចអោយស្រមោលរបស់អ្នកមកតាមលងបន្លាច បំបែកជីវិតម្តាយកូនរបស់ខ្ញុំតទៅទៀតបានដែរ នាងខ្ញុំនិងស៊ូដល់ទីបំផុតដើម្បីកូនៗរបស់នាងខ្ញុំ ។
កូនៗគឺជាកម្លាំងចិត្ត កូនៗគឺជាជីវិត កូនៗគឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយគ្រប់ៗរូប ដូច្នេះហើយខ្ញុំសូមអង្វរចិត្តអ្នកកុំផ្តល់សំពាធផ្លូវចិត្ត ផ្លូវអារម្មណ៏ដល់កូនៗ របស់យើងទាំងអស់អី ពួកគាត់នៅតូចៗខ្លាំងណាស់ ហើយវាក៏មិនមែនជាជម្រើសល្អនោះឡើយ សូមអ្នករំងាប់អារម្មណ៏ឆេវឆាវរបស់អ្នកមួយពេល គ្រប់គ្រងអារម្មណ៏ឆេវឆៅរបស់អ្នកអោយបានល្អ ហើយមកគោរពតាម ការព្រមព្រៀងលែងលះតាមផ្លូវច្បាប់ដោយសន្តិវិធី នោះហើយជាជម្រើសដ៏ល្អបំផុតរបស់ឪពុកម្តាយដែលត្រូវផ្តល់អោយកូនៗ !
ខ្ញុំដឹងថាអ្នកធ្វើនេះក៏ព្រោះតែអ្នកចង់យកឈ្នះខ្ញុំ អ្នកដឹងថាខ្ញុំរស់អត់កូនៗមិនបាន អ្នកដឹងថាខ្ញុំស្រលាញ់កូនៗខ្លាំងណាស់ សូមអ្នកកុំអោយអារម្មណ៏ឆេវឆាវរបស់អ្នកមួយគ្រាមកគ្រប់គ្រងលើរូបអ្នកបាន ហើយក៏មិនចាំបាច់ចង់ឈ្នះរូបខ្ញុំនោះដែរ ព្រោះអ្នកបានឈ្នះខ្ញុំរួចស្រេចបាត់ទៅហើយតាំងពី 13ឆ្នាំមុនម្លេះ ! សូមល្មមដោះលែងជីវិតរបស់ខ្ញុំអោយមានជីវិតរស់នៅដែលជាខ្ញុំផងចុះ ព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ទទួលខុសត្រូវលើកូនៗ ព្រមទាំងគ្រួសាររបស់ខ្ញុំទៀត ។ សូមកុំព្យាយាមយកកូនៗ មកធ្វើជាគំនាបដល់រូបនាងខ្ញុំអី អ្វីដែលអ្នកគួរតែធ្វើនៅពេកនេះនោះគឺ អ្នកសួរខ្លួនឯងថា :
_តើអ្នកបានបំពេញតួនាទីជាឪពុកអោយដល់ពួកគាត់គ្រប់គ្រាន់ហើយឫនៅ ?
_តើត្រូវធ្វើ និង បំពេញតួនាទីជាឪពុកល្អបែបណាដល់ពួកគាត់ ?
អ្វីដែលអ្នកមិនធ្លាប់ធ្វើដាក់ខ្ញុំនោះ ? ដែលទោះជាខ្ញុំកំពុងតែពរពោះកូនៗទាំង៣នោះក៏ដោយ មានតែអ្នកម្នាក់ទេដែលដឹង អ្នកអាចកុហកបោកប្រាស់ បំភ្លៃការពិតដល់មនុស្សជុំវិញខ្លួនអ្នកបាន អ្នកអាចធ្វើបាន ហើយអ្នកក៏បានធ្វើរួចហើយដែរ ហើយអ្នកនៅតែបន្តរធ្វើទៀត ក៏ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯង រឺ ខ្ញុំបានឡើយ ការពិតនៅតែជាការពិត មានតែពេលវេលាទេដែលអាចបញ្ជាក់រាល់អ្វីៗ គ្រប់យ៉ាងបានទាំងអស់ ។
ពេលវេលាខ្លះយើងមិនចាំបាច់ទាមទារ រឺ បកស្រាយច្រើននោះទេថារូបយើងល្អ អាក្រក់ ខុស រឺ ត្រូវ ព្រោះទង្វើអាចបញ្ជាក់ពីបុគ្គលិកលក្ខណះរបស់យើងគ្រប់ៗរូបបានយ៉ាងច្បាស់លាស់ហើយគ្រប់គ្រាន់ទៀតផង ! ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយះកាមេរ៉ា វីដេអូសុវត្តិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះនិង យុត្តិធម៌ 🙏🙏🙏 ហើយបន្ទាប់ពីការចេញបង្ហាញភស្តុតាងតាមរយះកាមេរ៉ាវីដេអូ១នេះហើយនាងខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើប្រព័ន្ធច្បាប់តុលាកានៅក្នុងប្រទេសកម្ពុជារបស់ខ្ញុំនិងផ្តល់ភាពយុត្តិធម៌ដល់ម្តាយកូនរបស់នាងខ្ញុំអោយបានឆាប់ជួបជុំកូនៗមករួមរស់ជាមួយគ្នាតាមកិច្ចសន្យាព្រមព្រៀងលែងលះតាមប្រព័ន្ធផ្លូវច្បាប់ដែលនាងខ្ញុំមានសិទ្ធអំណាចជាមេបាបីបាច់ថែរក្សារកូនៗទាំង៣ប្រកបដោយសុវត្តិភាព ព្រោះអ្នកបានបំបែកខ្ញុំជាមួយនិងកូនៗតាំងពីថ្ងៃច័ន្ទ ទី៨ ខែមីនា មកម្ល៉េះ គឺជាថ្ងៃសិទ្ធិនារីតែម្តង រហូតដល់ពេលនេះនាងខ្ញុំមិនដឹងពេលណាបានជួបមុខកូនទេ😭។
ជាចុងបញ្ចប់នាងខ្ញុំ ដេត ម៉ាលីណា សូមគោរពជូនពរដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់អោយមានសុខភាពល្អ មានស្នាមញញឹម នឹងក្តីសង្ឃឹមគ្រប់ៗក្រុមគ្រួសារ នឹងសូមចូលរួមចំណែកការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទាំងអស់គ្នា ជាពិសេសសូមជូនពរអោយដល់ស្ត្រីទូទាំងសកលលោកទទួលបាន សេរីភាពទាំងផ្លូវកាយនឹងផ្លូវចិត្ត ❤️🕊 🕊️🕊️
ដោយក្តីគោរព ស្រលាញ់ពីរូបនាងខ្ញុំ
ដេត ម៉ាលីណា
ភ្នំពេញ ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២១។
ដោយឡែក ឧកញ៉ា ឌួង ឆាយ បានចេញមុខបង្ហោះបកស្រាយនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទទួលស្គាល់ថាខ្លួន បានប្រើហិង្សា និងមានកំហុសមែន ហើយលោកលើកឡើងថា, កាលនោះអតីតភរិយាគាត់ហៅអោយមកផ្ទះ ខណ:គាត់មានអារ:ស្រវឹងស្រាផង និងបានទិញបាច់ផ្កាយកមកអោយភរិយា ដើម្បីសូមទោស ព្រមទាំងបានអោបថើប ប៉ុន្តែក្រោយមកលោកលូកដៃទៅកាន់ដៃប្រពន្ធ ក៏ប្រពន្ធច្រានចេញ និងធាក់ធ្វើអោយគាត់ប៉ះជើងផ្ងារក្រោយ ហើយមិនបានវាយប្រពន្ធឡើយ។
ទោះជាមានការបកស្រាយបែបនេះក៏ដោយ តាមរយៈវីដេអូ ពិតណាស់ថា, ឧកញ៉ា ដួងឆាយ បានបកស្រាយខុសពីសកម្មភាពដែលខ្លួនបានប្រព្រឹត្តមកលើអតីតភរិយាដូចនៅក្នុងវីដេអូ។ ភាពដ៏ឃោឃៅនេះ កុំថាឡើយអតីតភរិយាចងចាំមិនភ្លេច ហើយអ្នកមើលឃើញ ក៏ភ្លាត់មាត់គ្រប់គ្នាថា,( តាមការពិត ឧកញ៉ា ដួង ឆាយ ពូកែសំដែងមែន ជាអ្នកចិត្តធម៍) តែធាតុពិតជាជនដ៏កាចសាហាវ ឃោរឃៅ ដែលសង្គមស្អប់ខ្ពើមបំផុត ។ ក្នុងនោះសូម្បីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២១ នេះ បានប្រេីប្រាស់ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេចតេជោ ចូលមក Comment នៅលេី ហ្វេសប៊ុក អតីតប្រពន្ធរបស់ ឧកញ៉ា ដួង ឆាយ គឺ លោកស្រី ដេត ម៉ាលីណា ដោយមានខ្លឹមសារថា “ហេតុអីដួង ឆាយ ឃោរឃៅដល់កំរឹតនេះ ?” សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ បន្ទាប់ពី អតីតភរិយារបស់លោកឧកញ៉ា ដួង ឆាយ បង្ហោះវីដេអូ ប្រមាណជាង ១ម៉ោង បង្ហាញអំពីសកម្មភាពរបស់ឧកញ៉ា ដួង ឆាយ ប្រេីហឹង្សាលេីភរិយាយ៉ាងធ្ងន់ធ្ងរ ។ ទង្វើរបស់ ឧកញ៉ា ដួង ឆាយ ធ្វើអោយមហាជនដែលធ្លាប់តែគាំទ្រលោក បានផ្ទុះការរិះគន់យ៉ាងខ្លាំង ។
ឧកញ៉ា ដួង ឆាយ អតីតជាជនទំនើង ប្រព្រឹត្តអំពើមិនគប្បីច្រើនក្នុងសង្គម ពិសេសនៅរាជធានីភ្នំពេញ បាញ់បោះសេរី ហិង្សា លើអ្នកដទៃ ដែលសមត្ថកិច្ចកំណត់មុខសញ្ញាចាប់ខ្លួនជារឿយៗ ។
មកដល់ថ្ងៃនេះក៏មិនហួសពេល ដែលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវដំណើរការនីតិវិធី ខណ:ប្រព្រឹត្តបទល្មើសលើអតីតភរិយាចំពោះមុខកូនៗនៅតូច នូវការប្រមាថ មាក់ងាយ ជេស្តីរួមទាំងអំពើហឹង្សារនៅក្នុងគ្រួសារ រហូតមានដល់យកកំាភ្លើងមកគំរាមសំលាប់ភរិយា ! ដែលជាបទល្មើសជាក់ស្តែងនោះ។
សូមបញ្ជាក់ថា, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានយកចិត្តចំពោះស្ត្រីងាយរងគ្រោះដោយអំពើហិង្សាបំផុត ម្យ៉ាងវិញទៀត ឧកញ៉ា ដួង ឆាយ ដល់ថ្នាក់ប្រើកាំភ្លើងប្រមាថសម្លាប់អតីតភរិយា គឺមិនត្រូវច្បាប់លើកលែងឡើយ៕
https://youtu.be/B8sc7idxW-o
ឯកសារ៖ រូបភាពសមត្ថកិច្ចឃាត់ខ្លួនលោកដួង ឆាយកន្លងទៅ
ដោយ, សុខ ខេមរា