ខេត្តកណ្ដាល៖ យុវជនជាកម្មករឡឥដ្ឋម្នាក់បាបបើកម៉ូតូទៅបុកជាមួយរថយន្តធុនធំពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនទៅដល់មន្ទីពេទ្យ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០១ វេលាម៉ោង១១និង៤៥នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ តង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់) បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥
ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1H-1902។ ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ3A-7990 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) មិនពាក់មួកសុវត្ថិភាព។ លុះបើកមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរថយន្ដមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ3A-7990 ក្នុងទិសដៅផ្ទុយគ្នាពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ និងបានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។
ក្រោយពីទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីីតិវិធីនៃច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូមានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕
ដោយ៖ ស្អាងជ័យ