ភ្នំពេញ៖ ទីបំផុតជនសង្ស័យដែលជាជនដៃដល់ និងអ្នករួមគំនិតដែលបានអារ.កសម្លាប់បុរសម្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នោះ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយនៅស្រុកគិរីវង់ ខេត្តតាកែវ ទីដែលជនដៃដល់កំពុងពួនសម្ងំលាក់ខ្លួន នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
បេីតាមមន្រ្តីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅចំណុចស្រុកគិរីវង់ ខេត្តតាកែវ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
មន្រ្តីដដែលបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ភេទប្រុស ឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខមណ្ឌលសុខភាព ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ឃាត់ខ្លួនបាននៅស្រុងគិរីវង់ ខេត្តតាកែវ។
ផ្អែកតាមលទ្ធផល នៃការស៉ើបអង្កេត និងចម្លើយសារភាពរបស់ក្រុមជនសង្ស័យ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ ម៉ៅ រដ្ឋា ហៅជិប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពិតជាបានធ្វេីសកម្មភាពប្លន់ចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស ប្លន់យកម៉ូតូ, ខ្សែកមាស, ចិញ្ជៀន, ខ្សែដៃមាស និងទូរស័ព្ទ ពិតប្រាកដមែន។
ក្រោយពីធ្វេីសកម្មភាពរួច ជនសង្ស័យទាំង២នាក់ បានចែកសម្ភារគ្នា ក្នុងឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកចិញ្ជៀនមាស និងខ្សែក ចំណែកឯឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង។
បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងសាកសួរ និងរៀបចំឯកសារប្រគល់ជនសង្ស័យនិងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមនីតិវិធី និងត្រៀមបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ រ៉ារ៉ា