ឃាតកនិងអ្នករួមគំនិត​ដែលអារ.កសម្លាប់បុរសម្នាក់នៅខណ្ឌច្បារអំពៅ ត្រូវបាន កម្លាំងនគរបាលតាមបង្ក្រាបបានហើយ នៅស្រុកគិរីវង់​

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតជនសង្ស័យដែលជាជនដៃដល់​ និងអ្នករួមគំនិត​ដែលបានអារ.កសម្លាប់បុរសម្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២១នោះ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយនៅស្រុកគិរីវង់​ ខេត្តតាកែវ​ ទីដែលជនដៃដល់កំពុងពួនសម្ងំលាក់ខ្លួន នារសៀលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២១។

បេីតាមមន្រ្តីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅរសៀលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២១នេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,​ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ​ នៅចំណុចស្រុកគិរីវង់​ ខេត្តតាកែវ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលនីតិវិធី​ ដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីដដែលបន្តថា​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ​ ទី១-ឈ្មោះ ម៉ៅ​ រដ្ឋា​ ហៅជិប​ ភេទប្រុស ឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១​ មុខមណ្ឌលសុខភាព​ ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ និងទី២-ឈ្មោះ​ ម៉េង​ ណាឃីម​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ ឃាត់ខ្លួនបាននៅស្រុងគិរីវង់​ ខេត្តតាកែវ។

ផ្អែកតាមលទ្ធផល នៃការស៉ើបអង្កេត និងចម្លើយសារភាពរបស់ក្រុមជនសង្ស័យ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ ម៉ៅ​ រដ្ឋា​ ហៅជិប​ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពិតជាបានធ្វេីសកម្មភាពប្លន់ចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស ប្លន់យកម៉ូតូ, ខ្សែកមាស, ចិញ្ជៀន,​ ខ្សែដៃមាស និងទូរស័ព្ទ ពិតប្រាកដមែន។
ក្រោយពីធ្វេីសកម្មភាពរួច​ ជនសង្ស័យទាំង​២នាក់​ បានចែកសម្ភារគ្នា ក្នុងឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកចិញ្ជៀនមាស និងខ្សែក ចំណែកឯឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង។

បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងសាកសួរ​ និងរៀបចំឯកសារប្រគល់ជនសង្ស័យ​និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដើម្បីចាត់ការទៅតាមនីតិវិធី និងត្រៀមបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print