ភ្នំពេញ, នៅម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបង្ហោះលើ facebook របស់ខ្លួនអោយដឹងថា, ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ ២៦ ឆ្នាំ
លោកបន្តថា, តាមព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ២២ និង៥០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ ២៦ ឆ្នាំ ដែលស្នាក់នៅម្នាក់ឯងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនេះបានអោយដឹងថា អ្នកជម្ងឺខាងលើជាបុគ្គលិកធ្វើការនៅហាងលក់សំលៀកបំពាក់ Mode Store នៅខណ្ឌទួលគោក)។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ មន្ត្រីសុខាភិបាល ព្រមទាំង អាជ្ញាធរ នឹងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ ក្នុងការយកសំណាកទៅពិនិត្យ ស្របតាមវិធានរបស់សុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ជាបន្តទៀតនៅទីតាំងខាងលើ ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន៕
ដោយ, សិលា