ភ្នំពេញ, នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែមីនានេះ បានចេញសេចក្តីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងជួរកងទ័ព ដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដូចខាងក្រោម៖
១- បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
២- ផ្សព្វផ្សាយដល់យោធិនចំណុះ ឱ្យបានជ្រួតជ្រាប និងអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
៣- ត្រួតពិនិត្យទីតាំងចត្តាឡីស័កនៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមក សម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិននៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។
៤- បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា។
ខាងក្រោមនេះជាខ្លឹមសារនៃសេចក្ដីណែនាំរបស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៕
ដោយ, សិលា