ហេតុការណ៍កម្រមាន…បុរសម្នាក់ស្លាប់ដោយសារបាក់បង្គោលចងអង្រឹងបោកត្រូវក្បាល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណ:យកអង្រឹងមកចងនឹងបង្គោលឈើពុកដែលគេទុកចោលយូរហើយនៅជាប់នឹងខ្ទមនាមាត់ទន្លេ ហើយក្រោយចងរួចក៏ឡើងជិះភ្លាមធ្វើឲ្យបង្គោលនោះបាក់ បោកក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះនៅខេត្តរតនគីរីមកលេងបងប្អូននៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

 បើតាមរបាយការណ៍របស់មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ង ថាវ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិម៉ារ៉ាច ឃុំប៉ាអរ ស្រុកអូរជុំ ខេត្តរតនគីរី បានមកលេងបងប្អូននៅភូមិឃុំកើតហេតុខាងលើ។ គាត់បានយកអង្រឹងក្រណាត់នីឡុងពណ៌ខៀវទៅចងដេកលេងនៅខ្ទមមាត់ទន្លេបំណងស្រូបយកខ្យល់អាកាសនៅទីនោះ ដោយគាត់ចងមិនបានពិនិត្យឬសួរនាំពីម្ចាស់ផ្ទះជាមុន ហើយក៏មិនបានដឹងថាបង្គោលឈើនោះពុកឡើយ ទើបធ្វើឲ្យបាក់ទៅកៀបនឹងឃ្នាបខ្ទមកម្ពស់ពីដីប្រហែល៦០សង់ទីម៉ែត្រ ត្រូវបានបង្គោលបាក់ធ្លាក់បោកត្រូវក្បាលបណ្ដាលឲ្យស្លាប់តែម្តង។

ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចក៏បានប្រគល់សាកសពខាងលើឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងនោះផងដែរក្នុងនាមគណៈបញ្ចាការឯកភាពស្រុកសេសានក៏បានចូលរួមរំលែកទុក្ខ និងនាំបច្ច័យតាមសទ្ធារបស់ក្រុមការងារស្រុក ប្រគល់ជូនគ្រួសារសពដើម្បីចាត់ចែងធ្វើបុណ្យសព។ 

គួរំលឹកថា បងប្អូនគួរតែប្រុងប្រយ័ត្ននិងចងចាំថា: មុននិងសម្រេចចិត្តធ្វើអ្វីមួយ ដើម្បីជៀសវាងនូវហានិភ័យផ្សេងៗ ជាយថាហេតុ និងគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ដូចករណីនេះអ៊ីចឹង នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។ ដូចពាក្យចាស់ពោលថា: ឃើញឈើឈរស្មានថាឈើល្អ ក្រែងវាវឹកវរកើតគ្រោះភ័យ មិនដឹងថាវាល្អឬពុកផុយ កុំចេះតែប្រថុយ ក្រែងវាអំពល់ដល់ខ្លួន៕

                              

...

ដោយ៖មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print