ភ្នំពេញ, ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
សូមជម្រាបថា, នៅវេលាម៉ោង១០និង០០ នាទី ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា , មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៣៦ នាក់ និងមានអ្នកជាសះស្បើយចំនួន ៥៧នាក់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
សូមជម្រាបថា អ្នកព្យាបាលជាសះស្បើយ ៥៨នាក់ និងរកឃើញអ្នកឆ្លងថ្មី ៣៦នាក់ទៀត
– ករណីឆ្លងសហគមន៍ ៣៥នាក់
– អ្នកដំណើរពីបរទេស ០១នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១៥៤១ នាក់
– អ្នកជាសះស្បើយ= ៨៩៨ នាក់
– អ្នកកំពុងព្យាបាល= ៦៤០ នាក់
– អ្នកស្លាប់= ០១ នាក់។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាល ។ និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបាន ខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រម ទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅ ក្នុងប្រទេសកម្ពុជា៕
ដោយ, សុខ ខេមរា