ភ្នំពេញ, នៅរសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនហ្វេសប៊ុកបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើកូនសោសុវត្ថិភាព ដើម្បីបញ្ជាក់អត្តសញ្ញាណជាមួយប្រព័ន្ធ two-factor authentications នៅពេលដែលពួកគេប្រើកុំព្យូទ័រ។ ប៉ុន្តែប្រសិនបើលោកអ្នកប្រើទូរសព្ទវិញនោះ ក្រុមហ៊ុននឹងផ្ញើលេខកូដតាមរយៈសារទៅលេខទូរសព្ទដែលមាននៅក្នុងគណនីហ្វេសប៊ុកដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណ។
ទោះបីជាការប្រើលេខកូដតាមរយៈទូរសព្ទ ជាមួយនឹងលេខសម្ងាត់បានធ្វើឱ្យជនខិលខូចពិបាកនឹងលួចចូលទៅក្នុងគណនីហើយក្ដី ប៉ុន្តែវានៅតែមានភាពចន្លោះប្រហោងក្នុងការការពារសុវត្ថិភាព ដែលជនអនាមិកអាចប្រើវិធីផ្សេងៗដើម្បីលួចទទួលបានលេខកូដទាំងនោះ។ ដើម្បីការពារសុវត្ថិភាពឱ្យកាន់តែល្អ ក្រុមហ៊ុនហ្វេសប៊ុកបានបន្ថែមការប្រើប្រាស់កូនសោសុវត្ថិភាព USB/NFC ជាមួយទូរសព្ទ ដោយលោកអ្នកគ្រាន់តែដាក់កូនសោសុវត្ថិភាពដែលមានប្រព័ន្ធ NFC នៅជិតទូរសព្ទ ឬដោតវាទៅនឹងទូរសព្ទ ដើម្បីដោះលេខកូដសុវត្ថិភាព។
ការប្រើកូនសោសុវត្ថិភាពសម្រាប់ two-factor authentications នេះត្រូវបានគេចាត់ទុកថាជាវិធីការពារដ៏ខ្លាំងបំផុតហើយដែលក្រុមហ៊ុន Google ទាមទារសម្រាប់ប្រើជាមួយកម្មវិធីការពារកម្រិតខ្ពស់ (Advanced Protection Program)។ សម្រាប់អ្នកប្រើប្រាស់ធម្មតាមួយចំនួនធំ មិនចាំបាច់ប្រើកូនសោសុវត្ថិភាពក៏បានដែរ ប៉ុន្តែត្រូវប្រើលេខសម្ងាត់ដែលពិបាកនឹងស្មានដូចដែលនាយកដ្ឋានបានណែនាំរួចមកហើយ ដោយឡែកចំពោះអ្នកដែលប្រើប្រាស់ទាក់ទងទៅនឹងឯកសារសំខាន់ៗ និងអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ គួរតែប្រើកូនសោសុវត្ថិភាពនេះដើម្បីការពារគណនីរបស់អតិថិជន ក៏ដូចជាឯកសាររបស់ពួកគេផ្ទាល់គឺជារឿងល្អប្រសើរបំផុត៕
ដោយ, សិលា