ភ្នំពេញ, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡា បានគោរពជូនលិខិតថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការជួយឧបត្ថម្ភថវិកាផ្ទាល់ និងការកៀរគរធនធានពីសប្បុរសជននានា ដើម្បីសាងសង់សាលារៀន អន្តេវាសិកដ្ឋាន និងសមិទ្ធផលនានាក្នុងវិស័យអប់រំនៅទូទាំងប្រទេស។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សនៃវិទ្យាល័យព្រះមុនីវង្ស លោករដ្ឋមន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡា បានគោរពថ្លែងអំណរគុណសម្ដេចក្រឡាហោម និងលោកជំទាវដោយគូសបញ្ជាក់ថាជាក់ស្ដែង សម្ដេច និងលោកស្រីបានសម្រេចផ្តល់អំណោយជាអគារសិក្សាចំនួន០១ខ្នង ០៣ជាន់ មាន៣០បន្ទប់ និងជួសជុលអគារចាស់ទ្រុឌទ្រោម នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។
ក្នុងលិខិតថ្លែងអំណរគុណនោះ លោកបណ្ឌិតសភាចារ្យ បានជម្រាបសម្ដេចក្រឡាហោមទៀតថាការផ្តល់អំណោយជាអគារសិក្សា ព្រមទាំងការជួសជុលអគារចាស់ទ្រុឌទ្រោម នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង គឺជាការឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់ និងទាន់ពេលវេលា នូវអគារសិក្សា ដែលបំពាក់ដោយគ្រឿងសង្ហារឹម គ្រប់គ្រាន់ ដើម្បីដំណើរការបង្រៀន និងរៀន ប្រកបដោយគុណភាពនៅវិទ្យាល័យព្រះមុនីវង្ស។
លោករដ្ឋមន្ត្រីក៏បានបង្ហាញសេចក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សហគមន៍ និងសិស្សានុសិស្សទាំង អស់នឹងជួយថែរក្សា និងប្រើប្រាស់អគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកស្រី នៅពេលសាងសង់ និងជួសជុលរួចរាល់ឱ្យបានល្អ និងប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីមួយដោយចាត់ទុកថាជាទ្រព្យសម្បត្តិខ្លួនផ្ទាល់។
លោកបណ្ឌិតសភាចារ្យ ក៏បានបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចក្រឡាហោម និង លោកជំទាវ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា
ដោោ