រលកកូវីដ-១៩ទី៣ បារាំងសម្រេចបិទ១ភាគ៣នៃប្រទេសជាថ្មី

ចែករំលែក៖

ចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ កាលពីថ្ងៃទី ១៨ខែមីនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បានប្រកាសបិទ១៦ខេត្តជាថ្មីឡើងវិញ ក្នុងនោះមាន២ខេត្តស្ថិតនៅក្នុងតំបន់ Haut de France និង Île-de-France (ទីក្រុងប៉ារីសនិងតំបន់ជិតខាង) ដើម្បីទប់ស្កាត់រលកកូវីដ-១៩ លើកទី៣ ។ ប៉ុន្តែមហាវិទ្យាល័យនៅតំបន់ដែលបានបិទ នៅតែបន្តការសិក្សាដដែល។
ច្បាប់បិទ១៦ក្រុង ចាប់ផ្តើមមានប្រសិទ្ធភាពនៅវេលាម៉ោង ១២ យប់ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ ហើយអូសបន្លាយរយៈពេល១ខែ ។ ប៉ុន្តែវិធានការថ្មី ដើម្បីទប់ស្កាត់ការឆ្លងវីរុសមិនតឹងតែងដូចការបិទប្រទេសលើកមុនៗនោះឡើយ ។
ពលរដ្ឋដែលរស់នៅក្នុងតំបន់ត្រូវបិទមានដល់ទៅ២១លាននាក់ ដោយឡែក ក្នុងទីក្រុងប៉ារីសនិងតំបន់ជិតខាងមានពលរដ្ឋដល់ទៅ១២លាននាក់។
ចំណែកច្បាប់បម្រាមក៏ត្រូវអនុវត្តចាប់ផ្តើមនៅវេលាម៉ោង១៩វិញ ហើយពលរដ្ឋនៅក្នុងតំបន់ដែលបិទនោះ អាចធ្វើដំណើរក្នុងបរិវេណ១០ គីឡូម៉ែត្រក្នុងតំបន់របស់ខ្លួន ប៉ុន្តែមិនអនុញ្ញាតឲ្យចេញទៅតំបន់ផ្សេងនោះឡើយ លើកលែងតែមានការចាំបាច់។ បណ្តាសាលារៀន មានតែថ្នាក់វិទ្យាល័យប៉ុណ្ណោះ ឲ្យសិស្សថយចុះពាក់កណ្តាល ចំណែកថ្នាក់ផ្សេងៗនៅរៀនធម្មតា។ សេវាកម្មផ្សេងៗ មានហាងលក់ទំនិញ មិនចាំបាច់បិទទ្វារនោះឡើយ ។
នាយករដ្ឋមន្ត្រីបារាំងបានបញ្ជាក់ថា ច្បាប់បិទប្រទេសអាចនឹងពង្រីកទៅកាន់ខេត្តផ្សេងទៀត ប្រសិនបើ ការឆ្លងរាលដាលកូវីដ-១៩ កាន់តែកើនឡើងខ្ពស់។ ប៉ុន្មានថ្ងៃកន្លងមក បារាំង មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅរាប់សិនពាន់នាក់ ។ កាលពីថ្ងៃទី ១៨ខែមីនា មានអ្នកឆ្លងកើនឡើងដល់ទៅជិត៣៥០០០នាក់។
រដ្ឋាភិបាលបារាំង បានផ្តោតសំខាន់ទៅលើការចាក់វ៉ាក់សាំងទើបអាចគ្រប់គ្រងស្ថានភាពនៃការឆ្លងបានល្អ។ មកទល់ពេលនេះនៅទូទាំងប្រទេសបារាំង ពលរដ្ឋចាក់វ៉ាក់សាំង លើកទីមួយបានប្រមាណ៦លាននាក់ ក្នុងនោះមាន ប្រមាណ៣លាននាក់បានចាក់ដូសទីពីរ ៕ ដោយ សាធី

...

រូបភាព៖ RFI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print