សត្វត្រយ៉ងយក្ស ០២ក្បាល និងទន្សោង ០១ក្បាល ត្រូវបានរកឃើញស្លាប់ នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សត្វ ទន្សោងមួយក្បាល និងសត្វត្រយ៉ងយក្សពីរក្បាល ដែលត្រូវបានក្រុមជនខិលខូចសម្លាប់នៅក្នុងសប្តាហ៍នេះ។ នេះគឺជាហេតុការណ៍ដ៏អាក្រក់ពីរដែលបានកើតឡើងក្នុងពេលតែមួយ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន និង អង្គការWCS កាលពីថ្ងៃសុក្រទី១៩ខែមីនាឆ្នាំ២០២១នេះ។

 សូមរម្លឹកថា សាកសពសត្វទន្សោងនោះ ត្រូវបានសហគមន៍ប្រទះឃើញក្នុងកំឡុងពេលពួកគាត់ដើរល្បាតព្រៃកាលពី ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ នៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយ​ជនខិលខូចបានពន្លះយកសាច់អស់បន្សល់ទុកតែគ្រោងឆ្អឹង ស្បែក និងជើង ហើយទំនងជាបម្រុងដុតកម្ទេចចោល​ដើម្បី​បំបាត់ភស្តុតាង។ 

ចំណែកឯ សាកសពសត្វត្រយ៉ងយក្សទាំងពីរក្បាលវិញ ត្រូវបានសហគមន៍ប្រទះឃើញស្លាប់នៅលើដើម​ឈើ​ដោយជើងជាប់ខ្សែអន្ទាក់ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប។ សត្វត្រយ៉ងយក្សទាំងពីរក្បាលនោះទំនងជាជាប់​អន្ទាក់​ព្រាននៅមាត់បឹងក្បែរនោះ ហើយខំប្រឹងហើរបង្រះដាច់ខ្សែអន្ទាក់ ហើយទៅទាក់ជាប់នឹងមែកឈើ ហើរទៅទៀត​មិនរួច។

 សត្វត្រយ៉ងយក្ស មានឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea គឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ សត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទសត្វត្រូវការពារនៅ​ក្នុងប្រទេស​កម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្នសត្វនេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានគេគិតថា ចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។

 សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វ​ទន្សោង​បានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក​និងការ​បរបាញ់យកសាច់និងស្នែង។ យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មាន​ថានៅ​សល់ប្រមាណ ៤០០០ក្បាល នៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជា​មានតិចជាង ១.៥០០ក្បាល។

 ក្រសួងបរិស្ថាន និងអង្គការ WCS សូមអំពាវនាវដល់សាធារណជនទូទៅ មេត្តាចូលរួមការពារនិងអភិរក្ស​ប្រភេទ​សត្វ​ព្រៃកម្រទាំងនេះឱ្យបានឋិតថេរគង់វង្សដើម្បីមនុស្សជំនាន់ក្រោយ។ ជាពិសេស សូមជនខិលខូចទាំងឡាយ​បញ្ឈប់​សកម្មភាពបរបាញ់និងដាក់អន្ទាក់សត្វព្រៃនេះជាបន្ទាន់ ព្រោះវាជាអំពើល្មើសច្បាប់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួង​ស្នើសុំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ សូមជួយបន្តអប់រំ ផ្សព្វផ្សាយនិងពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបានកាន់តែប្រសើរឡើងថែមទៀតដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃជាពិសេស​ប្រភេទសត្វកម្រឱ្យបានគង់វង្ស៕

    

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print