នៅថ្ងៃទី១៩ខែមីនា ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik របស់រុស្ស៊ី បានប្រកាសថា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌា ដើម្បីផលិតវ៉ាក់សាំង ចំនួន២០០លានដូស ។
ជាក់ស្តែងមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF បានប្រកាសថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Sputnik V បានចុះកិច្ចព្រមព្រៀងជាមួយដៃគូរោងចក្រផលិតវ៉ាក់សាំង Stelis Biopharma ដើម្បីផលិតវ៉ាក់សាំងចំនួន២០០លានដូស ។ តាមគម្រោង ក្រុមហ៊ុន Stelis Biopharma នឹងផ្គត់ផ្គង់វ៉ាក់សាំង Sputnik V នៅលើទីផ្សារនាពាក់កណ្តាលឆ្នាំ២០២១នេះ។ អគ្គនាយករង RDIFលោក Kirill Dmitriev បានបញ្ជាក់ថា កិច្ចសហប្រតិបតិត្តការផលិតវ៉ាក់សាំងជាមួយក្រុមហ៊ុនឥណ្ឌា នឹងជួយផ្គត់ផ្គង់ វ៉ាក់សាំងឲ្យបានទាន់ពេលវេលា ។
បច្ចុប្បន្ន វ៉ាក់សាំង Sputnik V របស់រុស្ស៊ីទទួលបានការផ្តល់សិទ្ធិឲ្យប្រើប្រាស់ពី៥២ប្រទេសជុំវិញពិភពលោក ។ ប្រសិទ្ធភាពនៃវ៉ាក់សាំងSputnik V មានដល់ទៅជាង៩០ភាគរយ ។
បច្ចុប្បន្នសហគមន៍អឺរ៉ុប កំពុងតែពិចារណាអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ី ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់របស់វ៉ាក់សាំងនៅក្នុងតំបន់ទាំងមូល ។ បច្ចុប្បន្ន មានប្រទេសមួយចំនួនបានប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ី ក្នុងនោះមានប្រទេសហុងគ្រីជាដើម។ នៅពេលនេះដែរ ក្រសួងការបរទេស អាល្លឺម៉ង់ ប្រកាសថានឹងគាំទ្រដល់ការប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ី៕ដោយ សាធី
រូបភាព៖ AFP/TTXVN