ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាមេខ្យល់នាំពលករទៅប្រទេសថៃម្នាក់ក្នុងចំណោម២នាក់ និងពលករចំនួន១៦នាក់ ក្នុងនោះមានកុមារ០១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនិងយោធា ឃាត់ខ្លួន។ការឃាត់ខ្លួនមេខ្យល់និងពលករទាំងនេះប្រព្រឹត្តទៅនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយចន្ទីខាងកើតផ្លូវជាតិលេខ៥៨ ចម្ងាយប្រហែល៥០០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណ:ឆ្លងដែនទៅកាន់ប្រទេសថៃ។
អធិការនគរបាលស្រុកស្វាយចេក លោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងថា ជនសង្ស័យជាមេមេខ្យល់មានចំនួន០២នាក់ មានម្នាក់ ឈ្មោះ ពឺន ពេត អាយុ ៣៨ ឆ្នាំមានទីលំនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក បានរត់គេចខ្លួនបាត់ពេលជួបសមត្ថកិច្ច ពេលនាំសមតសមត្ថកិច្ចតាមស្វែងរកចាប់ខ្លួនបក្ខពួកម្នាក់ទៀត ជាអ្នកដឹកជញ្ជូនពលករតាមគោយន្តកន្ត្រៃ។បក្ខពួកម្នាក់នេះឈ្មោះ តេង តុញ ភេទប្រុសអាយុ ២៤ ឆ្នាំមានទីលំនៅភូមិល្បើកស្វាយឃុំស្វាយចេកស្រុកស្វាយចេក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរឹបអូសវត្ថុតាងរួមមានគោយន្តកន្ត្រៃ០១គ្រឿង ។
លោកអធិការបានបញ្ជាក់ថា ពលករទាំង១៦នាក់ ស្រីចំនួន០៦នាក់និងកុមារ០១នាក់ ក្នុងនោះមកពីភូមិថ្មពួកឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យចំនួន ០៣នាក់,មកពីភូមិក្រសាំងឃុំបុស្បូវ ស្រុកសំរោង ខេត្តឧត្តរមានជ័យចំនួន០៧នាក់,មកពីភូមិព្រៃទទឹងឃុំភ្នំតូចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យចំនួន០១នាក់, មកពីភូមិថ្មីឃុំព្រៃខ្នេសស្រុកមេសាងខេត្តព្រៃវែងចំនួន០៥នាក់។
ពួកគាត់ឲ្យដឹងថា ពលករទាំងនេះម្នាក់ៗៗៗៗត្រូវបង់លុយឲ្យមេខ្យល់តម្លៃ៤.០០០បាត នៅពេលណាទៅដល់កន្លែងធ្វើការនៅប្រទេសថៃ ។
មកដល់ពេលនេះមេខ្យល់និងពលករ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសួរនាំនិងចាត់ការតាមច្បាប់ ៕