ខេត្តកណ្ដាល, នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសហការី អញ្ជើញចុះដោះស្រាយ និងសម្របសម្រួល ករណីជំពាក់ប្រាក់បញ្ចាំម៉ូតូ សណ្តោងរ៉ឺម៉ក នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីធ្វើការសម្របសម្រួលរួចមក ភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់រឿងនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដូចខាងក្រោម៖
ភាគីចុងបណ្តឹងឈ្មោះ ថាន ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានយល់ព្រមបង់ប្រាក់ចំនួន ៥០០$ (ប្រាំរយដុល្លារ) ទៅឱ្យដើមបណ្តឹងឈ្មោះ អូន សំអាត ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ដោយភាគីដើមបណ្តឹង បានព្រមព្រៀងគ្នាជាមួយចុងបណ្តឹងបញ្ចប់រឿងចាប់ពីពេលនេះតទៅ ទាំងបណ្តឹងរដ្ឋប្បវេណី និងបណ្តឹងអាជ្ញា ហើយប្រសិនថ្ងៃក្រោយមានបងប្អូន ឬសាច់ញាតិរបស់ដើមបណ្តឹង មកប្តឹងផ្តល់ពីបញ្ហានេះទៀត ដើមបណ្តឹងឈ្មោះ អូន សំអាត សូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
ក្រោយពិនិត្យឃើញជាក់ស្តែងពីជីវភាពរបស់ចុងបណ្តឹងឈ្មោះ ថាន ថា មានការខ្វះខាត និងមានកូនតូចៗ ចំនួន០៨នាក់នៅក្នុងបន្ទុក និងប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែទៀត ព្រមទាំងក្មួយម្នាក់ទៀត សរុប១០នាក់ ត្រូវការចិញ្ចឹមបីបាច់នោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ដល់គ្រួសារចុងបណ្តឹង ព្រមទាំងបានជួយចេញថវិកាចំនួន ៥០០$ (ប្រាំរយដុល្លារ) យកទៅរំលស់យកម៉ូតូដែលខ្លួនដាក់បញ្ចាំពីដើមបណ្តឹងនោះមកវិញផងដែរ។
ជាចុងក្រោយចុងបណ្តឹងឈ្មោះ ថាន ថា បានសម្តែងនូវការអរគុណ ដឹងគុណ ចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាខេត្តកណ្តាល ដែលតែងតែគិតគួរ ពីសុខទុក្ខរបស់បងប្អួនប្រជាពលរដ្ឋ ក៏ដូចជារូបគាត់ផ្ទាល់ និងបានជូនពរឱ្យលោកឧត្តមសេនីយ៍ទោស្នងការ និងក្រុមគ្រួសារ ព្រមទាំងសហការី ជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕