សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់មន្ត្រី​នាំយកសាររំលែកទុក្ខ​ ព្រមទាំងគ្រឿងបរិភោគ និងបច្ច័យបុណ្យ​មួយចំនួន ជូនគ្រួសារសពភរិយារបស់លោក​ ហួរ​ ឡាវី ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩​ …!!

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃសៅរ៍ ទី ២០​ ខែមីនា​ ឆ្នាំ២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក​ស្រី​ ងួន​ សុផាន្នី​ ត្រូវជាភរិយារបស់លោក​ ហួរ​ ឡាវី​ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩​ កាលពីថ្ងៃទី​ ១៩​ ខែមីនា​ ឆ្នាំ២០២១​។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជ.​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។

ជាមួយគ្នានេះ​ លោកវេជ្ជ​.​ បានពាំនាំសារអំពាវនាវរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​ ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។​ ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់​ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

សូមបញ្ជាក់ថា​ ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​ កាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង​,​ ទឹកក្រូច៥កេស​ និងថវិកាមួយចំនួន៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print