ខេត្តមណ្ឌលគិរី៖ ពីរនាក់ឪពុកនិងកូនស្រីបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុតពេលកំពុងជិះម៉ូតូលើដងផ្លូុវស្រាប់តែត្រូវរថយន្តបើកមកកៀរបណ្តាលឱ្យដួលបោកក្បាលអូសចម្ងាយប្រហែល១៥ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ពីរនាក់ឪពុកនិងកូននេះបានកើតឡើងនៅវេលាម៉ោង៧ៈ៣០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ត្រង់ចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប្រភពពីអធិការនគរបាលស្រុកអូររាំងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូដែលបើកបរស្របទិសគ្នា ហើយត្រូវរថយន្ដបើកកៀរពីចំហៀងបណ្តាលឱ្យដួលអូសចម្ងាយប្រហែល១៥ម៉ែត្រ។
ប្រភពបន្តថា ជនរងគ្រោះជាឪពុកឈ្មោះគឹម គ្វេន អាយុ៣២ឆ្នាំ ជនជាតិព្នង និងកូនស្រីឈ្មោះគ្វេន ពង អាយុ៨ឆ្នាំនិងមានទីលំនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានស្លាប់នៅនិឹងកន្លែងកើតហេតុទាំងពីរនាក់ឪពុកនិងកូន។
ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវឆ្លាមពណ៌ខ្មៅអត់ស្លាកលេខ ជិះក្នុងទិសដៅពីកើតទៅលិច រួចក៏ជួបគ្រោះថ្នាក់នៅចំណុចភូមិពូតាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩លើផ្លូវជាតិលេខ៧៦។
ប្រភពបន្តទៀតថា ចំណែកអ្នកបើកបររថយន្ដពុំស្គាល់អត្ដសញ្ញាណទេគឺបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានមកជួយធ្វើអន្តរាគមន៍ពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សាកសពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ដោយ ជីវ័ន្ត