សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន ក្រោមអធិបតីភាព លោក ស្វាយ សំអ៑ាង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមមានវត្តមាន ព្រះតេជគុណព្រះនាម ព្រះញាណរង្សី ឈិន ហន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគិរីមណ្ឌលមេធាព្រះមេគណគណៈធម្មយុត្តិ និង សមាជិកសមាជិកាគណៈកម្មាធិការសាខា ហិរញ្ញឹកសាខា រួមនឹងសប្បុរសជននានាមួយចំនួនទៀតផងដែរ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ពិធីប្រគល់-ទទួលថវិកាពីសប្បុសជននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឈានឆ្ពោះទៅរកការប្រារព្ធអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ” ទាំងអស់គ្នារួមជាកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ ” ។

ក្នុងឱកាសនោះ លោកអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការកៀរគររកមូលនិធិពីសប្បុរសជនក្នុងស្រុក និងក្រៅខេត្ត គ្រប់មជ្ឈដ្ឋាន។ លោកអភិបាល ក៏បានបញ្ជាក់បន្ថែមថា ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់នេះ សាខានឹងយកទៅចាត់ចែងទៅតាមគោលការណ៍ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយជនរងគ្រោះ និងអ្នកដែលត្រូវការជំនួយជាចាំបាច់។

លើសពីនេះទៀតលោកអភិបាលខេត្ត ក៏បានបញ្ជាក់អំពីស្ថានភាពរបស់ជំងឺកូវីដ-១៩បច្ចុប្បន្ននេះ មានការកើនឡើងតាមរយៈការឆ្លងក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍ ២០កុម្ភៈ ដែលធ្វើឲ្យមានការឆ្លងកើនឡើងជាបន្តបន្ទាប់ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តមណ្ឌលគិរី ត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង បួងសួងដល់វត្ថុស័កសិទ្ធក្នុងលោកជួយប្រជាពលរដ្ឋ ឲ្យជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print