ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់លោក ស្ដើង ជា ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការសម្ដែងចូលរួមមរណទុក្ខនេះ បានចាត់ទុក្ខមរណភាពរបស់លោក ស្ដើង ជា គឺជាការបាត់បង់ស្វាមី លោកឳពុក និងជីតាដ៏ល្អមួយរូប និងជាទីគោរពស្រឡាញ់។ លេីសពីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោក ស្ដើង ជា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ដោយសារកម្ពុជាកំពុងតែមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងជាប្រចាំនូវវិធានការការពារ «៣ការពារ និង ៣កុំ»។ ៣ការពារ៖ គឺត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ៣កុំ៖ កុំបដិសណ្ឋាកិច្ចដោយចាប់ដៃ ឱប ឬកៀកស្មាគ្នា កុំនៅក្នុងបន្ទប់បិទជិត កុំនៅកន្លែងមានមនុស្សច្រើនកុះករ។
គួរបញ្ជាក់ថា លោក ស្ដើង ជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នេះ ដោយសារជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យរុស្សី ៕ដោយ៖ស តារា