ខេត្តកំពង់ស្ពឺ, រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជា ពលរដ្ឋខេត្តកំពង់ស្ពឺ ពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការទិញ-លក់ស្វាយនៅតំបន់ផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ជាមួយឈ្មោះ អ៊ុង ឡាង ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាន នៅភូមិចំការចេក ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានវិជ្ជមានកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនា ខេត្តសៀមរាប។
ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាត់តាំងក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ព្រមទាំងក្រុមការងារនៃគណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩របស់ ខេត្តនិងស្រុកចុះទៅធ្វើការណែនាំ និងបានយកអ្នកពាក់ព័ន្ធមួយចំនួនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង និង មន្ទីរពេទ្យបង្អែកខេត្ត។ ទន្ទឹមនេះក្រុមការងារកំពុងបន្តស្រាវជ្រាវ និង តាមដានស្វែងរក ព័ត៌មានបន្ថែមដើម្បីកំណត់អ្នកពាក់ព័ន្ធផ្សេងទៀត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូដ -១៩ ក្នុងសហគមន៍ ផ្អែកតាមអនុក្រឹត្យលេខ ៣៧ អនក្រ បក . ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់ជំពូកទី៦(ទោសប្បញ្ញត្តិ)។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនដែលសង្ស័យថាខ្លួនបានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ សូមមេត្តាមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យ និងយកសំណាក ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងធ្វើចត្តាឡីស័កខ្លួនឯងមួយរយៈសិន។ អាស្រ័យហេតុនេះ សូមសាធារណជន និង បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ៕
ដោយ, សិលា