ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គវ, ក-១៩ ) សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវី៨-១៩ នៅព្រះរាជាណាចក្រកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះ និងយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានរកឃើញថា មនុស្សវ័យចាស់គឺងាយរងគ្រោះខ្ពស់ បើមានការចម្លងជំងឺកូវីដ-១៩ វាងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់។ ការប្រើ ប្រាស់វាក់សាំងប្រឆាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវនេះ។ ដូច្នេះហើយទើប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់អាទិភាពដល់ក្រុមមនុស្សដែលមាន វ័យចាស់ឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩ឲ្យបានឆាប់បំផុត ។
ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សូមជម្រាបជូនដល់សាធារណជនទាំងអស់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងកម្រិតចំនួន៥៥.៧០០នាក់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ តទៅចាប់ពីម៉ោង៨និង០០នាទីព្រឹកនៅតាមទីតាំងខណ្ឌនីមួយៗ ក្នុងនោះខណ្ឌសែនសុខមាន២ទីតាំងដូចខាងក្រោម ៖ ទី១-មណ្ឌលសុខភាពឃ្មួញ និងទី២- មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា–ចិន សែនសុខ ។
ក្នុងនាមអាជ្ញាធរសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលលោកអ៊ំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់រស់នៅបច្ចុប្បន្ន ដើម្បី ចុះឈ្មោះ និងសម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឱ្យបានឆាប់ជាទីបំផុត អនុវត្តតាមការណែនាំនិងការអញ្ជើញពីអាជ្ញាធរសង្កាត់ទៅតាមកម្មវិធីចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ដើម្បីចៀសវាងការមកកកកុញ ចាំយូរនៅកន្លែងចាក់វ៉ាក់សាំង ដែលបង្កជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែលកំពុងតែចរាចរយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។
សូមជម្រាបជូនផងដែរថា ការចាក់វ៉ាក់សាំងនេះត្រូវធ្វើទៅតាមខណ្ឌនីមួយៗ ដែលមានទីតាំងផ្តល់សេវាចាក់វ៉ាក់សាំងដូចមានបង្ហាញជូនក្នុងតារាងខាងលើនេះស្រាប់ និងសូមលោកពូ អ៊ំ មា មីងទាំងអស់ ដែលស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំង ត្រូវអញ្ជើញមកតាមការសម្របសម្រួលរបស់អាជ្ញាធរសង្កាត់ជាចាំបាច់ ដោយមិនអនុញ្ញាតឱ្យមានការចាក់ជូនសម្រាប់បុគ្គលដែលអញ្ជើញមកដោយខ្លួនឯង ដែលគ្មានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាននោះឡើយ។
ជាមួយគ្នានោះដែរ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវាក់សាំងហើយក្តី ក៏ត្រូវតែបន្តចូលរួមអនុវត្តន៍វិធានសុខាភិបាល ត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គមដោយបន្តអនុវត្តនូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃ គ្នា កុំកៀកស្មាគ្នា) ដែលបានដាក់ចេញឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ ក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦៨៦៨។ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីផែនការចាក់វ៉ាក់សាំងកូវី៥-១៩ ជាបន្តបន្ទាប់ទៀតនៅពេលដែលមានវ៉ាក់សាំងមកដល់បន្ថែមទៀតនាពេលខាងមុខ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០៧៧ ៨២៤ ៨២៤ ឬ ០១២ ៩៦០ ៧២៧ ឬ ០១២ ៨៣៦ ៨៦៨៕