ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយក្ដីក៏ត្រូវបន្តអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោក អញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងចាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញក្នុងខណ្ឌ៧មករា និងមណ្ឌលសុខភាព ព្រែកឯងក្នុងខណ្ឌច្បារអំពៅ ខណៈដែល ក្រុមការងារនិងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ។
លោក ឃួង ស្រេង មានប្រសាសន៍ថា៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចនៅបានអភិវឌ្ឍប្រទេសមួយនេះឲ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ។ បន្ថែមពីលើនេះទៀតខណៈដែលប្រទេសកម្ពុជាយើងបាននិងកំពុងរីករាលដាលនូវជំងឺកូវីដ-១៩ សម្ដេចបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋថែមទៀត។
លោកឃួង ស្រេង បានបន្តទៀតថា៖ ពិតណាស់ថាបងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែបងប្អូនត្រូវតែបន្តការពារខ្លួនឯងពីជំងឺនេះបន្តទៀត ពោលគឺត្រូវអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ ។លោកបន្តថា៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សដែលមានអាយុ៦០ឆ្នាំឡើងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមយុទ្ធនាការពីថ្ងៃទី២៣ខែ មិីនានេះតទៅ ជាមួយនិឹងទីតាំងចំនួន២០ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចក្តាឡីស័កហើយមានបញ្ហាជីវភាពខ្វះខាត បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន នោះអាជ្ញាធរនឹងចុះជួយឧបត្ថម្ភជាស្បៀងអាហារជូនបងប្អូនភ្លាម។
សូមបញ្ជាក់ថា៖ ក្រោយពីសួរសុខទុក្ខនិងផ្តាំផ្ញើប្រជាពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញរួចមក លោកឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពព្រែកឯងបន្តទៀតផងដែរ៕
សំរិត