វី ឌីណែតកាន់តែកម្សត់ក្រោយបងស្រីបង្កើត មានផ្ទៃពោះ៧ខែវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្រោយពីដំណឹងដែលគេទទួលបានថា បងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត ដែលមានផ្ទៃពោះ៧ខែនោះមានវិជ្ជមានជំងឺកូវីដ-១៩។
ដំណឹងនេះកាន់តែធ្វើខ្លោចចិត្តអាណិតក្រុមគ្រួសារតារាចម្រៀងរូបនេះ។

  ទើបបាត់បង់ម្តាយជាទីស្រលាញ់មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែម្សិលមិញនេះនាងទទួលបានដំណឹងមួយបន្ទាន់ទៀតគឺបងស្រីបង្កើតរបស់នាងដែលមានទាំងផ្ទៃពោះកូនក្នុងផ្ទៃ៧ខែនេះមានវិជ្ជមានជំងឺកូវីដ-១៩។  ដំណឹងនេះចាប់ផ្តើមសុះសាយក្រោយពីមនុស្សចំនួន៤នាក់ត្រូវបានគេរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩កាលពីរសៀលថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះនៅក្នុងហាងកែសម្ផស្សមួយកន្លែងយីហោ Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ហើយក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤នាក់នោះគឺមានម្នាក់ជាស្ត្រីមានផ្ទៃពោះ៧ ខែ ដែលត្រូវបានគេដឹងដែរថាជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត។ បច្ចុប្បន្នអ្នកទាំង៤ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកម្រិតស្រាល នាអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់នោះដែរ។ 

  មានសារលើកទឹកចិត្តជាច្រើនផ្ញើទៅកាន់បងស្រី និងកញ្ញា វី ឌីណែត ហើយបងស្រីនាងក៏បានផ្ញើសារត្រឡប់ដោយបង្ហាញពីផ្លូវចិត្តរឹងមាំ និងស្នើឲ្យមហាជនថែរក្សាសុខភាពផងដែរ។
វី ឌីណែតបានត្រឹមពោលពាក្យបួងសួងសូមឲ្យទេវតាតាមថែរក្សាបងស្រី និងក្មួយក្នុងផ្ទៃ។ 

  គេចាំបានដែរថាតារាចម្រៀង វី ឌីណែត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្តាយនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះនៅថ្ងៃបន្ទាប់ និងបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ ប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅផងដែរ ហើយពួកគេបានសម្រាកព្យាបាលជំងឺនៅទីតាំងផ្សេងៗពីគ្នា។ទោះជាយ៉ាងណាគេក៏កោតសរសើរទៅដល់ក្រុមសិល្បករ និងក្រុមគ្រួសារពួកគេបានក្លាហានបង្ហាញពីរឿងពិតប្រាប់ទៅកាន់អ្នកគាំទ្រ ដើម្បីជាការបង្ការ ការពារខ្លួន និងស្វែងរកសេវានៃការធ្វើតេស្តបន្ទាន់ដើម្បីបង្ការការឆ្លងរាលដាលបន្ត។ 

  គួរបញ្ជាក់ដែរថានៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន៣៥នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៣៣នាក់ និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន៣២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨៣នាក់, ស្លាប់ចំនួន៤នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩។ សូមប្រជាពលរដ្ឋទាំងអស់បន្តស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាបញ្ចប់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមមួយនេះ ។ ប្រជាពលរដ្ឋគ្រប់រូបអាចការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍របស់ខ្លួនកុំឲ្យកូវីដ-១៩ ចូលលុក លុយបាន ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ, ៣ កុំ និង២ចូលរួម ដូចខាងក្រោម៖

៣ការពារគឺ ៖ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ។ទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។៣កុំមានន័យថា៖ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ក្រៅពីនោះប្រជាពលរដ្ឋខ្មែរគ្រប់រូបក៏ត្រូវមានស្មារតី ២ចូលរួមទៀតផងដែរ។ ២ចូលរួមមានន័យថា :ទី១៖ ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់ប្រឆាំងកូវីដ-១៩ និងទី២ ៖ គឺចូលរួមប្រើ QR Code stop covid ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ៕

         

  

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print