ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តដឹកដែកធុនធំ បើកបុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលអោយអ្នកជិះម៉ូតូ បោកក្បាលធ្លាយខួរ ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុចំណែកឯបើកបររថយន្តបានរត់គេចខ្លួន ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលចរាចរណ៍ស្រុកស្អាងបានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព.4511 ភព1 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) បើកបរដោយឈ្មោះ សុំ សួរ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករមានទីលំនៅ ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព)លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ បៃតងខ្ចីលាយស ពាក់ស្លាកលេខ ភ្នំពេញ3D-8013 និងសណ្ដោងរុឺម៉កមានស្លាកលេខភ្នំពេញ4A-4560 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់ (បើកបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា) ពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) បានមកបុកជាមួយនិងម៉ូតូ និងបានកិនម៉ូតូ ហើយបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីបានទទួលព័ត៌មានសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ដ ខ្វះការប្រុងប្រយ័ត្ន ខ្ជីខ្ជា បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕ ដោយ៖ឆ ដា