នៅថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតដោយក្រុមហ៊ុន AstraZeneca មុនពេលបំពេញទស្សនកិច្ចទៅក្រៅប្រទេស។ តាមគម្រោង ប្រធានាធិបតី កូរ៉េខាងត្បូង នឹងទៅកាន់ប្រទេសអង់គ្លេសចូលរួមកិច្ចប្រជុំ G7 ដែលនឹងធ្វើឡើងនៅខែមិថុនាឆ្នាំ២០២១។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា ប្រធានាធិបតី បានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ហើយនៅថ្ងៃនេះ ។ កន្លងកមកនាយករដ្ឋមន្ត្រីអង់គ្លេស បានផ្ញើលិខិតអញ្ជើញដល់ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីឥណ្ឌា និងអូស្ត្រាលីចូលរួមនៅក្នុងកិច្ចប្រជុំG7 ក្នុងនាមជាភ្ញៀវអញ្ជើញ។ នៅថ្ងៃទី២៣ខែមីនា ប្រធានាធិបតី មូន ជេអុីន និងបុគ្គលិកពេទ្យជូរមុខ ព្រមទាំងមនុស្សចាស់មានវ័យ ៦៥ឆ្នាំឡើង ដែលរស់នៅមណ្ឌលចាស់ជរា ប្រមាណ៣សែននាក់ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ តាមការលើកឡើងរបស់នាយកដ្ឋាន គ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង(KDCA)បានឱ្យដឹងថា មានក្រុមអ្នកជួរមុខប្រមាណ ៦៨០ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំង ចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំង នៅដើមខែកុម្ភៈឆ្នាំ២០២១មក។ មន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថាកោលដៅចាក់ជូនពលរដ្ឋ ប្រមាណ ១/៤ ក្នុងចំណោមពលរដ្ឋ៥២លាននាក់ នៅខែមិថុនា ខាងមុខ ហើយចាក់ជូនពលរដ្ឋទាំងស្រុងនៅខែវិច្ឆិកាឆ្នាំ២០២១។ នៅថ្ងៃទី ២២ខែមីនា មន្ត្រីជំនាញកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេរកមិនឃើញមានបញ្ហាសុខភាពក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ របស់ក្រុមហ៊ុន AstraZeneca នោះទេ។ កន្លងមកប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប បានលើកឡើងថា មានការកកឈាមក្រោយចាក់វ៉ាក់សាំង៕ ដោយ សាធី
រូបភាព៖ Yonhap