នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៣ខែមីនា កម្លាំងទាហានមីយ៉ាន់ម៉ា បានបញ្ជាក់ថា មានបាតុករ ១៦៤នាក់ស្លាប់នៅក្នុងការធ្វើបាតុកម្មប្រឆាំងយោធា។ អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់ថា លោកពិតជាលោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ក្រុមបាតុករ ដោយសារតែពួកគេក៏ជាពលរដ្ឋមីយ៉ាន់ម៉ាដែរ។ ប៉ុន្តែរដ្ឋាភិបាលយោធា បានបញ្ជាក់ថា បាតុករទាំងនោះគឺត្រូវតែទទួលខុសត្រូវដែលបានបំផ្លាញទ្រព្យសម្បត្តិជាតិ និងជំរុញឲ្យមានអំពើហិង្សាកើតឡើង ។ អ្នកនាំពាក្យកម្លាំងទាហានយោធាមីយ៉ាន់ម៉ា បានឲ្យដឹងថា សមាជិកក្រុមសន្តិសុខ៩នាក់បានស្លាប់នៅក្នុងពេលប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ។ លោក Zaw Min Tun បញ្ជាក់ថា ការធ្វើបាតុកម្មធ្វើឲ្យមន្ទីរពេទ្យជាច្រើនមិនអាចដំណើរការបានល្អ ធ្វើឲ្យអ្នកជំងឺកូវីដ-១៩ស្លាប់ជាច្រើនដោយគ្រូពេទ្យមិនបានព្យាបាលល្អ ។ លោកស្រី អោងសាន ស៊ូជី និងមន្ត្រីជាច្រើនរូបទៀតរបស់គណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ NLD ត្រូវបានយោធាចាប់ខ្លួនក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ។ លោកស្រី ស៊ូជីទទួលរងការចោទប្រកាន់ជាច្រើនករណី ក្នុងនោះមានការទទួលសំណូក បំពានច្បាប់ នាំចេញនាំចូល គ្រប់គ្រងគ្រោះមហន្តរាយ …។ តុលាការកាត់ទោសលោកស្រីស៊ូជី ដោយសម្ងាត់សូម្បីតែមេធាវីរបស់លោកស្រី ក៏មិនឲ្យចូលជួបលោកស្រីស៊ូជីដែរ៕ ដោយ សាធី
រូបភាព៖ Reuters