ខេត្តកំពង់ឆ្នាំង ៖ ភ្លើងឆេះព្រៃមួយកន្លែងបានឆេះរាលយ៉ាងលឿន ទៅកៀកក្បែរនឹងផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលនិងនាំគ្នាជួយពន្លត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញភ្លើងឆេះព្រៃមួយកន្លែង នៅចំណុចភូមិខាងលើហើយនាំគ្នាជួយពន្លត់ប៉ុន្តែដោយសារតែភ្លើងនោះឆេះកាន់តែខ្លាំងឡើង មិនអាចពន្លត់បានហើយកាន់តែឆេះមកជិតនឹងផ្ទះ ក៏ទំនាក់ទំនងសុំអន្តរាគមន៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ។ ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញមកបាញ់ពន្លត់ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងនេះរីករាលដាលបន្តទៀត ។
ក្នុងពេលបាញ់ពន្លត់ បានប្រើប្រាស់ទឹកអស់៣រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន ធ្វើឲ្យភ្លើងត្រូវបានរលត់ទាំងស្រុង មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទេ៕