ខេត្តស្វាយរៀង៖ បើតាមលោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឱ្យដឹងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា វត្តអារាមទូទាំងខេត្តស្វាយរៀង បានចូលរួមវាយគង ជួង រគាំង ទូងស្គរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០ កុម្ភៈ។
លោកបន្តថា គ្រប់វត្តអារាមទូទាំង ខេត្តស្វាយរៀង មានព្រះសង្ឃឡើងសូត្រមន្តសុំសេចក្តីសុខនិងទូងស្គរជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ៣ការពារ និង៣កុំរបស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
សូមបញ្ជាក់ថា យោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពេលវេលាដែលត្រូវវាយគង វាយជួង វាយរគាំងទូងស្គរក្នុង១ថ្ងៃ៥ដងនោះរួមមានលើក ទី១ នៅម៉ោង៥ព្រឹក លើកទីពីរនៅម៉ោង១១ព្រឹក លើកទី៣នៅម៉ោង ២រសៀល លើកទី៤ម៉ោង៥ល្ងាចនិងលើក៥ នៅម៉ោង៨យប់៕
យឹម សុថាន