ខ្សែប្រយុទ្ធ Gareth Bale បាននិយាយថា គាត់មានគម្រោងវិលត្រឡប់ទៅកាន់ Real Madrid នៅរដូវកាលក្រោយបន្ទាប់ពីការខ្ចីជើងរបស់គាត់នៅក្លិប Tottenham បានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ មីនានេះ។
ប្រធានក្រុមជម្រើសជាតិវែលរូបនេះបានរីករាយជាមួយក្រុម Spurs ក្នុងការខ្ចីជើងរយៈពេលមួយរដូវកាលនៅក្នុងខែកញ្ញា ប៉ុន្តែនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យា Real Madrid របស់គាត់ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២២ ។
Bale មានវ័យ៣១ឆ្នាំកំពុងនៅជាមួយវែល ខណៈដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup នៅក្រៅប្រទេសរបស់ពួកគេពេលប៉ះជាមួយបែលហ្ស៊ិកនៅថ្ងៃពុធនេះ។ នៅពេលសួរថា តើអនាគតក្លិបរបស់គាត់អាចប៉ះពាល់ដល់ទម្រង់លេងអន្តរជាតិរបស់គាត់យ៉ាងដូចម្តេច?
Bale ឆ្លើយថា “ខ្ញុំគិតថាមូលហេតុចំបងដែលខ្ញុំមក Spurs នៅឆ្នាំនេះគឺលេងបាល់ទាត់ជាមុនសិន។ ការឈានទៅរកការប្រកួតអន្តរជាតិ ខ្ញុំចង់មានភាពស៊ីគ្នាទៅនឹងការប្រកួត។ ផែនការដើមគឺធ្វើមួយរដូវកាលនៅឯ Spurs ហើយបន្ទាប់ពីយូរ៉ូនៅសល់មួយឆ្នាំទៀតនៅ Real Madrid ។ផែនការរបស់ខ្ញុំគឺត្រូវវិលត្រឡប់ទៅផ្ទះវិញដូចអ្វីដែលខ្ញុំបានគ្រោងទុក”។
ទោះយ៉ាងណាការរងរបួសទម្រង់លេងគួរឱ្យព្រឺព្រួច និងទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយអ្នកចាត់ការលោក Zinedine Zidane បានមើលឃើញថា Bale ក្លាយជាកីឡាករបម្រុងនៅប្រទេសអេស្ប៉ាញ។
ជាលទ្ធផលកាលពីខែកញ្ញាមុនគាត់បានផ្លាស់ទៅលេងនៅក្លិប Tottenham ដែលគាត់បានចូលរួមដំបូងក្នុងនាមជាយុវជនអាយុ១៧ឆ្នាំមកពី Southampton ក្នុងឆ្នាំ២០០៧ សម្រាប់ការបង់ប្រាក់ដំបូង៥លានផោន។ដំបូងឡើយ Bale បានរកឃើញថា ពេលវេលាលេងនៅ Spurs មានកំណត់ ប៉ុន្តែគាត់មានទម្រង់លេងល្អនាពេលថ្មីៗនេះ និងរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន២៥ប្រកួតនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។
សូមបញ្ជាក់ថា ពេលលេងនៅឯក្លិប Real Madrid កីឡាករ Bale បានជួយក្លិបនេះឈ្នះពានរង្វាន់ Champions League ចំនួន៤ ពានរង្វាន់ La Liga ចំនួន២ ពានរង្វាន់ Copa del Rey ចំនួន១ ពាន Uefa Super Cups ចំនួន៣ និង Club Club World Cup ចំនួន៣ ៕