កូរ៉េខាងជើង៖ បាញ់មីស៊ីលចម្ងាយខ្លី​ ២គ្រាប់ចេញពីតំបន់ឆ្នេរភាគខាងលិច,​ ប៉ុន្តែ​អាមេរិកថា​ ការបាញ់នេះមិនមែនជាបញ្ហាធំដុំឡើយ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា​ កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងលិច នៅថ្ងៃទី២១ ខែមីនា​ថ្មីៗ​នេះ​ ;​ប៉ុន្តែ​ភាគីអាមេរិក បានចាត់ទុកថាការបាញ់បែបនេះ មិនមែនជាបញ្ហាធំដុំឡើយ ព្រោះមិនបំពានបម្រាមអង្គការសហប្រជាជាតិ។

ទីភ្នាក់ងារព័ត៌មាន AFP និយាយ​បន្ថែម​ថា​៖​ ជាលើកដំបូងចាប់តាំងពីខែមេសា ឆ្នាំ២០២០ កូរ៉េខាងជើង បានបាញ់មីស៊ីលពីរគ្រាប់ដែលជាប្រភេទស្វ័យទៅក្នុងសមុទ្រលឿង។ ហើយ​នេះជារឿងចម្លែកមួយ ព្រោះកន្លងទៅកូរ៉េខាងជើង បាញ់មីស៊ីលចូលទៅក្នុងសមុទ្រខាងកើត។

បេីតាមមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងមួយរូប បានលើកឡើងថា៖​ «អ្វីដែលបាញ់ គឺមីស៊ីលស្វ័យនាំផ្លូវប៉ុណ្ណោះ មិនមែនមីស៊ីលបាលីស្ទិក ហើយមីស៊ីលទាំងនោះត្រូវបានតាមដានដោយឧបករណ៍របស់យើង»។ មន្រ្តីក្រសួងការពារជាតិរូបនេះ បន្ថែមថា មីស៊ីលពីរគ្រឿងនោះ គឺជាប្រភេទមីស៊ីលចម្ងាយខ្លី។

ការបាញ់មីស៊ីលនេះ មិនបានបំពានបម្រាមអន្តរជាតិឡើយ ព្រោះកន្លងមកសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ មិនបានហាមឃាត់ការបាញ់មីស៊ីលចម្ងាយខ្លីឡើយ។ ក្រុមប្រឹក្សាសន្តិសុខ ហាមកូរ៉េខាងជើងសាកល្បងមីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ។

ដោយឡែក​ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា​ ឆ្នាំ​២០២១​ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយថា ៖ « យើងបានសិក្សាថា វាគ្មានការផ្លាស់ប្តូរច្រើនឡើយ»។ ហើយ​ការសាកល្បងនេះ មិនមែនជាបញ្ហាធំដុំឡេីយ។

ជាក់ស្ដែង​នៅក្នុងឆ្នាំ២០២១​នេះ ការបាញ់មីស៊ីលជាលើកដំបូង បានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយទស្សនកិច្ចរបស់ប្រមុខការពារជាតិ និងការទូតអាមេរិក នៅកូរ៉េខាងត្បូង ដើម្បីជជែកជាមួយសមភាគីពីបញ្ហាសន្តិសុខ សម្ព័ន្ធមិត្ត និងការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ជាពិសេសបញ្ហារំសាយកម្មវិធីនុយក្លេអ៊ែរ ដែលជាប់គាំង តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ មក។ មិនតែប៉ុណ្ណោះ ការបាញ់មីស៊ីលទៅឆ្នេរភាគខាងលិចនេះ បានបាញ់បន្ទាប់ពីសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក។ កន្លងមក កូរ៉េខាងជើង បានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសមយុទ្ធនេះ និងព្រមានលុបចោលកិច្ចព្រមព្រៀងសន្តិភាពយោធាអន្តរកូរ៉េថែមទៀត។

ទាក់ទិននឹងបញ្ហានេះដែរ​ អ្នកជំនាញមួយចំនួន យល់ឃើញថា ក្រុងព្យុងយ៉ាង ហាក់ដូចជាចង់គំរាមទៅក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ស្របពេលខ្លួននៅតែមានបំណងចង់ចរចាលើកម្មវិធីរំសាយនុយក្លេអ៊ែរដដែល។ ហេតុនេះ កូរ៉េខាងជើងជ្រើសយកការបាញ់មីស៊ីលស្វ័យនាំផ្លូវ ជាជាងមីស៊ីលបាលីស្ទិកចម្ងាយមធ្យម ឬចម្ងាយឆ្ងាយ។

គួររម្លឹកដែរថា ក្រុងព្យុងយ៉ាង នៅក្នុងឆ្នាំ២០១៩​ បានចាប់ផ្តើមសាកល្បងមីស៊ីលជាថ្មី បន្ទាប់ពីកិច្ចចរចារំលាយកម្មវិធីនុយក្លេអ៊ែរត្រូវជាប់គាំង ប៉ុន្តែកូរ៉េខាងជើង បានផ្អាកទៅវិញចាប់ពីខែមេសា ក្នុងឆ្នាំ២០២០ វិញ។ ចំណែក​ការផ្អាកនេះ ទំនងដោយសារការផ្ទុះកូវីដ-១៩ នៅលើពិភពលោក ឬអាចបង្វែរថវិកាមួយចំនួន ដើម្បីផ្តោតលើវិស័យសុខាភិបាលវិញ៕ដោយ​៖ស​ តារា​

រូបភាព​៖ឯកសារ​ លោកគីម ជុងអ៊ុន​ មេដឹកនាំកូរ៉េខាងជើង

...

រូបថត​៖KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print