សារលិខិតអបអរសាទររបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ក្នុងឱកាស «ទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០២១»

ចែករំលែក៖

ភ្នំពេញ, សារលិខិតអបអរសាទររបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ២០២១។

នាឱកាសគម្រប់ខួប៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ខ្ញុំមានសេចក្តីសោមនស្ស រីករាយក្រៃលែង ក្នុងការចែករំលែកនូវសារលិខិតអបអរសាទរក្នុង + ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ -ឡានឆាងឆ្នាំ២០២១ -។ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានប្រសិទ្ធិនាមតាមឈ្មោះទន្លេមេគង្គ-ឡានឆាងដ៏មានអំណាចមហិមា ដែលបានផ្សាភ្ជាប់ប្រទេសមេគង្គ-ឡានឆាងទាំង៦ តាមរយៈការតភ្ជាប់ផ្នែករូបវន្ត ការតភ្ជាប់ដ៏ជិតស្និទ្ធផ្នែកវប្បធម៌ និងប្រពៃណី ធនធានធម្មជាតិ និងចំណងមិត្តភាពរបស់ប្រជាជន ក្នុងគោលបំណងបង្កើតនូវសហគមន៍ដែលមានអនាគតរួមគ្នា។ ក្នុងអំឡុងរយៈពេល៥ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាងបានបង្ហាញយ៉ាងច្បាស់ នូវគុណតម្លៃនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលជំរុញឱ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង ប្រទេសតាមដងទន្លេទាំង៦ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ដោយឈរលើស្មារតីបើកចំហ បរិយាប័ន្ន និងបំពេញបន្ថែមជាមួយយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ផ្សេងទៀត។ តាមរយៈកិច្ចពិគ្រោះ យោបល់ដោយបើកចំហ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានផ្តល់នូវលទ្ធផលជាក់ស្តែង ដោយបាន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកែលម្អស្ថាប័ននៅតាមបណ្តាប្រទេសនីមួយៗនៅក្នុង អនុតំបន់ ដែលទាំងអស់នេះបានគាំទ្រដល់ការពង្រឹងការកសាងសហគមន៍អាស៊ាន ។

ក្នុងគោលបំណងធានាឱ្យបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គមប្រកបដោយក្តីសង្ឃឹមខ្ពស់ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវីដ -១៩ត្រូវបានបញ្ចប់ នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងលើកទី៣ កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ-ឡានឆាង បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពី ជំងឺរាតត្បាតកូវីដ -១៩ ដោយបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ តាមរយៈការបង្កើត សហគមន៍សុខភាពសាធារណៈនៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង។ ថ្នាក់ដឹកនាំទាំងអស់បានប្តេជ្ញាចិត្ត ដើម្បីដោះស្រាយបញ្ហាពិភពលោក និងតំបន់ផ្សេងៗទៀត ដោយធានានូវប្រភពកំណើនថ្មីតាមរយៈការកសាងខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និងការជំរុញការធ្វើសហកម្មជាមួយច្រករបៀង ពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក -សមុទ្រ។ សម្រាប់កិច្ចសហប្រតិបត្តិការធនធានទឹក ថ្នាក់ដឹកនាំទាំងអស់ បានសម្រេចចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើទិន្នន័យជលសាស្ត្រ និងការចែករំលែកព័ត៌មាន ដើម្បីធានា និរន្តរភាពធនធានទឹក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងបន្ទាន់គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗទៀត។

ខ្ញុំក៏មានការចាប់អារម្មណ៍ផងដែរចំពោះលក្ខណៈពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ដែលត្រូវបានកំណត់ដោយការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងកិច្ចសហប្រតិបត្តិការ ក្រោមការគាំទ្រ ពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជាច្រើន ក្នុងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាជន។ ក្នុងចំណោមគម្រោងទាំងនេះ ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៥៥ ដែលបានគាំទ្រដល់សកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យ អភិវឌ្ឍន៍ជនបទ ការបង្កើតអាជីវកម្មសហគមន៍ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ និង បេតិកភណ្ឌវប្បធម៌ ជាដើម។

ឆ្នាំ២០២០ត្រូវបានគ្របដណ្តប់ដោយជំងឺរាតត្បាតកូវីដ-១៩ ហើយផលប៉ះពាល់ ដ៏ធំធេងរបស់វា បានបង្កបញ្ហាប្រឈមជាច្រើនទៅលើសុវត្ថិភាពសុខភាពសាធារណៈ ការបំលាស់ទីរបស់ប្រជាជន និងខ្សែ ច្រវាក់ផ្គត់ផ្គង់សកល។ ស្ថិតក្រោមវិបត្តិជាសកលនាពេលបច្ចុប្បន្ននេះ យើងត្រូវតែបន្តបង្ហាញនូវសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហាដែលជាក្តីកង្វល់រួម តាមរយៈកិច្ចសហប្រតិបត្តិការ និងសកម្មភាពជាក់ស្តែងក្នុង ការផ្តល់នូវវ៉ាក់សាំង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រឱ្យបានពេញលេញ ដែលប្រទេសមេគង្គ -ឡានឆាងអាច សម្រេចបាននូវគោលដៅរួមគ្នានៃសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អនុតំបន់ របស់យើង និងក្រៅតំបន់។

ជាទីបញ្ចប់ ខ្ញុំសូមលើកឡើងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងយន្តការកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាព និងការគាំទ្រទៅវិញទៅមករវាង បណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីនៃការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការ តភ្ជាប់ប្រជាជនរបស់យើងទាំងផ្នែកសង្គម និងវប្បធម៌៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print