ខេត្តកណ្ដាល, នៅល្ងាចថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំបន្ទាន់ ដើម្បីពិនិត្យ ពិភាក្សា និងដាក់ផែនការចាត់វិធានការភ្លាមៗ ចំពោះករណីបុគ្គលឈ្មោះ មួន សុភាន់ មានទីលំនៅ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដែលបានរត់គេចចេញពីមណ្ឌលចត្តាឡីស័កមួយ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះរៀបចំនៅបរិវេណសាលាស្រុកមុខកំពូល ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
គោលបំណងកិច្ចប្រជុំ អាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវកំណត់មុខសញ្ញា ស្រាវជ្រាវ ស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ឱ្យបានលឿនបំផុត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ត្រូវយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលស្រុកបានរៀបចំ រីឯអ្នកពាក់ព័ន្ធដោយប្រយោលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕
ដោយ, សិលា