ភ្នំពេញ, បើយោងតាមប្រភព៖ ពីនាយកដ្ឋានព័ត៌មាន អគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសឱ្យលោកស្រី ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
សូមបញ្ជាក់ថា, នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបព្រឹកមិញនេះ លោកស្រី Teo Lay Cheng បានគោរពអរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រីថា ដែលបានផ្តល់កិត្តិយសអោយលោកស្រីបានចូលជួបក្នុងពេលដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកនេះទទួលលោកស្រី។ ជាមួយគ្នានោះដែរលោកជំទាវក៏បានគោរពសំដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុតដែលធ្វើអោយកម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ៕
ដោយ, សិលា